កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំ ៣នាក់ ជាអ្នកដំណើរមកពីអាមេរិក និងនីហ្សេរីយ៉ា ខណៈមានពលករខ្មែរ ៣នាក់ ក៏បានជាសះស្បើយដែរ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលជាអ្នកដំណើរមកពីអាមេរិក និងនីហ្សេរីយ៉ា ខណៈមានអ្នកជំងឺជាពលករខ្មែរ ចំនួន ៣នាក់ បានជាសះស្បើយផងដែរ។
ក្រសួងបញ្ជាក់ទៀតថា អ្នកទើបរកឃើញមានវិរុសកូវីដ១៩ថ្មីទាំង ៣នាក់នោះ គឺស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងបុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសនីហ្សេរីយ៉ា។ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រីឯអ្នកជាសះស្បើយទាំង៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៥៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយ ចំនួន៣៩៩នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។