អាជ្ញាធរ​ខណ្ឌចំការមន បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការលុបបំបាត់​ការបង្ក​សម្លេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌចំការមន រៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ចំការមន ផ្សព្វផ្សាយ​សេចក្ដីណែនាំ​លេខ​០០១​ស​ណន ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ ស្ដីពី​ការលុបបំបាត់​ការបង្ក​សម្លេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ ក្រោម​អធិបតីភាព​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន និង​ជា​ប្រធាន​គណៈ​បញ្ជា​ឯកភាព​ខណ្ឌចំការមន ដោយមាន​ការចូលរួម​ពី​គណៈ​អភិបាលខណ្ឌ អធិការនគរបាល​ខ​ណ្ឌ គណៈនាយក​រដ្ឋបាល​ខ​ណ្ឌ លោក​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ពាក់ព័ន្ធ លោក​ចៅសង្កាត់​ទាំង​០៥ នាយ​ប៉ុ​ស្ដី៍​នគរបាល​សង្កាត់​ទាំង​០៥ និង​មន្ត្រី​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​ខាងលើនេះ លោក​អភិបាលខណ្ឌ បាន​មាន​ដាក់​ផែនការ​ដល់​អធិការនគរបាល​ខណ្ឌ រដ្ឋបាល​សង្កាត់​-​ប៉ុស្ដិ៍នគរបាល​សង្កាត់​ទាំង​០៥ ត្រូវ​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ជួសជុល និង​កែច្នៃ​ម៉ូតូ​នៅ​មូលដ្ឋាន​ខណ្ឌចំការមន ដើម្បី​ធ្វើ​កិច្ចសន្យា​អោយ​អនុវត្តតាម​សេចក្ដីណែនាំ​លេខ​០០១​ស​ណន ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ និង​ត្រួតពិនិត្យ​ម៉ូតូ​តែ​ធ្វើ​ចរាចរណ៍​នៅលើ​តាម​ដងផ្លូវ ដែលមាន​កំពង់ស៊ី​ម៉ាំង​លឺ​ខ្លាំង ខុសពី​លក្ខណៈ​បច្ចេកទេស​។​

​ជាមួយគ្នា​ផងដែរ ចំពោះ​បញ្ហា​សណ្ដាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន លោក​អភិបាលខណ្ឌ បានអោយ​រដ្ឋបាល​សង្កា​ត់​-​ប៉ុស្ដិ៍នគរបាល​សង្កាត់​ទាំង​០៥ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​មូលដ្ឋាន​នីមួយៗ អោយ​បានល្អ​បន្ថែមទៀត ដើម្បី​កុំអោយ​មាន​លក់ដូរ​រំលោភ​យក​ចំណីផ្លូវ​សាធារណៈ យក​ចំណីផ្លូវ​សាធារណៈ​ធ្វើជា​ចំណត​ម៉ូតូ​រថយន្ត ជាពិសេស​យ៉ាប​ដែល​លយ​មកលើ​ផ្លូវ​សាធារណៈ​។​

​លោក​អភិបាលខណ្ឌ បាន​ថ្លែងអំណរគុណ​ដល់​កម្លាំង​នគរបាល​របស់​អធិការនគរបាល​ខណ្ឌ រដ្ឋបាល​សង្កាត់​-​ប៉ុស្ដិ៍នគរបាល​សង្កាត់​ទាំង ០៥ ដែល​ខិតខំ​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់​អោយបាន​ល្អ​នៅក្នុង​មូលដ្ឋាន​នីមួយៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close