សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្តីការ​ថ្មី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមមាន​អគារ​ទីស្តីការ​ថ្មី និង​វិទ្យាស្ថាន «​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​»​។​

​អគារ​ទីស្តីការ​ថ្មី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន «​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» ស្ថិតនៅតាម​បណ្តោយ​វិថី​៥៩៨ ដែល​គេ​និយម​ហៅ​វិថី «​ជា សុផារ៉ា​» ស្ថិតក្នុង​សង្កាត់​ច្រាំង​ចម្រេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​។ អគារ​ថ្មី​របស់​ក្រសួង​សាធារណការ សាងសង់​ឡើងលើ​ផ្ទៃដី​ជិត ៤​ហិកតា​។ អគារ​ទីស្តីការ​នេះ រួមមាន​៖ អគារ​រដ្ឋបាល​កម្ពស់ ៩​ជាន់ ទំហំ ៥៩.៥០​ម៉ែត្រ គុណ ២៣,២០​ម៉ែត្រ​, អគារ​រដ្ឋបាល ២​ខ្នង (​អគារ​ស្លាប​សងខាង​) កម្ពស់ ៨​ជាន់​, អគារ​សាលប្រជុំ និង​បណ្ណាល័យ ១​ខ្នង កម្ពស់ ៣​ជាន់​, ព្រមទាំង​បំពាក់​សម្ភារ​ការិយាល័យ សម្ភារ​សង្ហា​រឹម និង​ជណ្តើរយន្ត​, សាងសង់​អគារ​ដាក់​គ្រឿងចក្រ ៥​ខ្នង​, ជួសជុល​អគារ​ចាស់ៗ ដែលមាន​ស្រាប់​ចំនួន ៦​ខ្នង​, សាងសង់​របង​ព័ទ្ធជុំវិញ និង​រៀបចំ​បណ្តាញ​ផ្លូវ បណ្តាញ​អគ្គិសនី បណ្តាញ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​សួនច្បារ​ក្នុង​បរិវេណ​ក្រសួង ព្រមទាំង​បាន​ទិញ​គ្រឿងចក្រ​ចំនួន ២២២​គ្រឿង សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត និង​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល បាន​ចំណាយ​ថវិកា​សរុប​ជាង ២៦​លាន​ដុល្លារ​អាមេរិក​។​

​អគារ​ថ្មី​នេះ បានរៀបចំ​បំពាក់​ប្រព័ន្ធ​សូ​ឡា ទាញយក​ថាមពល​ប្រើប្រាស់​ពី​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូល​អគារ​ផ្ទាល់​ទាំងអស់ ដើម្បី​ចូលរួម​ក្នុងការ​កាត់បន្ថយ​ចំណាយ​លើ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រចាំថ្ងៃ និង​រួមចំណែក​សន្សំសំចៃ​ថវិកាជាតិ ជាមួយ​ការគិតគូរ​ដល់​ការចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន តាមរយៈ​ការប្រើប្រាស់​ថាមពលបៃតង​។ ការសាងសង់​អគារ​នេះ​ឡើង ក្នុង​គោលបំណង​បង្កើត​កន្លែង​ផ្តល់​សេវាសាធារណៈ​ពាក់ព័ន្ធ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់ នៅក្នុង​ក្រសួង​ផ្ទាល់​។ បន្ថែម​ពីលើ​នោះ ដើម្បី​ផ្តល់​ជាទី​តាំង​មួយ​មាន​ផាសុខភាព​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្នុងការ​បម្រើការ​ងារ​កា​ន់​តែ​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​។​

​ដោយឡែក​អគារ​វិទ្យាស្ថាន «​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» មាន​ចំនួន ១​ខ្នង កម្ពស់ ៤​ជាន់ មាន​បន្ទប់​សិក្សា​ចំនួន​២៤​បន្ទប់ ការិយាល័យ​រដ្ឋបាល​ចំនួន​៣​បន្ទប់ មន្ទីរពិសោធន៍​ចំនួន ១​បន្ទប់ បណ្ណាល័យ​ចំនួន​១​បន្ទប់ និង​បាន​បំពាក់​ទៅដោយ​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍​ទំនើបៗ ដោយបាន​ចំណាយ​ថវិកា ២.៥​លាន​ដុល្លារ​អាមេរិក​។ ការបង្កើត​វិទ្យាស្ថាន «​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» សម្រាប់​បណ្តុះបណ្តាល​បុគ្គលិក​-​មន្ត្រីរាជការ សិក្ខាកាម និង​សិស្ស​-​និស្សិត ដើម្បី​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ លើ​ជំនាញ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-​ស្ពាន ដែល​នឹង​ធានាថា «​កូន​ខ្មែរ​អាច មាន​សមត្ថភាព​កសាង​ផ្លូវ​-​ស្ពាន​របស់ខ្លួន ប្រកបដោយ​គុណភាព នាពេល​អនាគត​»​។ សមិទ្ធផល​ថ្មី​លើ​ទឹកដី​សន្តិភាព​ដែល​លេចចេញ​ជា​រូបរាង​ឡើង​នេះ គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​មន្ត្រីរាជការ​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ទស្សនទាន​វែងឆ្ងាយ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close