អ្នកឆ្លងកូវីដ១៩ កើនឡើងខ្ពស់នៅម៉ាឡេស៊ី
សារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ខែមករាបានផ្សាយថា ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីនៅថ្ងៃនេះ ដល់ទៅ ៣,៣៤៦នាក់ និងស្លប់ថ្មី ១១នាក់ ។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៧ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១១នាក់បន្ថែទៀតផងដែរ។
ជាសរុប រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១៨៣,៨០១ករណី ក្នុងនោះស្លាប់ ៦៧៨នាក់ និងជាសះស្បើយ ១៤១,៤៤៦នាក់ ឬស្មើនឹង ៧៧%។ ចំណែកអ្នកឆ្លងនៅលើពិភពលោកវិញ គិតត្រឹមម៉ោង ៦និង ៣០នាទីល្ងាច ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២០១ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៩៩,៣៩៧,០៥២នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ២,១៣១,៩០៧នាក់បានស្លាប់បាត់បង់ជីវិត និង ៧១,៤៦៧,០៧០នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៩៩ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៩២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។