ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ​ការសាងសង់​ផ្លូវ​ចំនួន ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​

ខេត្តសៀមរាប​៖ កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម ប្រាក់ សោភ័ណ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​អញ្ជើញ​ចុះ​មើល​សកម្មភាព​ការស្ថាបនា​ផ្លូវ​នៅ​ខេត្តសៀមរាប​។

​ឯកឧត្តម ហ៊ុន ម៉ា​នី បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កថា “​ទិដ្ឋភាព​នៃ​ការសាង់សង់​ផ្លូវ​នេះ​បា​នស​បញ្ជាក់ថា ទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក៏ដោយ ក៏​ការណ៍​នេះ​មិន​បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើយ​។ ផ្ទុយទៅវិញ ការអភិវឌ្ឍ​នេះ​គឺជា​ការជួយ​ស្តារ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប និង​ជាការ​ត្រៀម​ទទួល​ទេសចរ​មកកាន់​ខេត្តសៀមរាប​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។​”

​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋបាល​ខេត្តសៀមរាប​បានបង្ហាញ​ថា ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨.៧៤​គីឡូម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ ១៤០​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ​។

​តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹងធ្វើ​ឲ្យ​ទីក្រុង​សៀមរាប ប្រែក្លាយ​រូបរាង​ជាទី​ក្រុង​ទំនើប និង​ទេសចរណ៍ ដ៏​មាន​សក្តានុពល ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ស្របតាម​រូបសាស្ត្រ​ទីក្រុង រួមជាមួយ​ការគិតគូរ​ដល់​ការការពារ និង​កែលម្អ​បរិស្ថាន ផាសុកភាព​របស់​ប្រជាពលរដ្ឋ និង​ការរៀបចំ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ (Smart City) ផងដែរ​។

ក្រោយពី​បញ្ចប់​ការស្ថាបនា​ទៅ គម្រោង​នេះ​នឹង​ដើរតួ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា ត​ភ្ជាប់​ទីប្រជុំជន ទៅ​ជាយក្រុង និង​ត​ភ្ជាប់​ទៅកាន់​តំបន់​ទេសចរណ៍​សំខាន់ៗ និង​បណ្តាញ​ខ្សែ​ផ្លូវជាតិ​នានា សំដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន ធុរជន និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែលជា​ការរួមចំណែក​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។

​សូម​ជម្រាប​ផងដែរ​ថា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close