រថយន្ត បុកម៉ូតូ ស្លាប់ម្នាក់ភ្លាមៗ នៅស្រុកកៀនស្វាយ
ខេត្តកណ្តាល៖ កាលពីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ កើតឡើងរវាងរថយន្ត បុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើផ្លូវជាតិលេខ១ ក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកLEXUS RX 300 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AP-1319 បើកបរពីអ្នកលឿងទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកYAMAHA CBR ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-6212 បើកក្នុងទិសដៅភ្នំពេញទៅអ្នកលឿង បានបត់ឆ្លងផ្លូវ ហើយក៏ត្រូវរថយន្តខាងលើ បុកពេញទំហឹង បណ្តាលឲ្យស្លាប់តែម្តង។
អ្នកបើករថយន្តបង្កឈ្មោះ សួស ភារិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររដ្ឋបាលរោងចក្រ មានទីលំនៅភូមិជំពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ រីឯជនរងគ្រោះដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងបានយកវត្ថុតាង ទៅរក្សាទុក រងចាំជំនាញដោះស្រាយបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។