ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត ២០០ទៀត ខណៈមានអ្នកស្លាប់ កាលពីម្សិលមិញ
ប្រទេសថៃ៖ អាជ្ញាធរថៃ កាលពីថ្ងៃអាទិត្យម្សិលមិញ បានរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១៩៨នាក់ ក្នុងនោះ១១៨នាក់ជាករណីឆ្លងនៅក្នុងស្រុក ជាហេតុនាំអោយចំនួនឆ្លងសរុបកើនឡើងដល់១ម៉ឺន៣ពាន់៥០០នាក់ ។
នៅក្នុងរបាយការណ៍នៅថ្ងៃដដែលនេះ ក៏មានអ្នកជំងឺ Covid-19 ម្នាក់បន្ថែមទៀតក៏ស្លាប់ផងដែរ ដែលធ្វើអោយអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លងនេះកើនឡើងដល់៧៣នាក់ ។ អ្នកនាំពាក្យរងនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃ លោក អាពីសាម៉ាយ ស្រីសាងសន បាននិយាយថា អ្នកស្លាប់ថ្មីជាស្ត្រីវ័យ៧៣ឆ្នាំដែលបានទាក់ទងជិតដិតជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ នៅក្នុងគ្រួសារគាត់នៅខេត្តសាមុត សាខន ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃបានបញ្ជាក់ថា ខេត្តសាមុត សាខន មានអ្នកឆ្លងថ្មីច្រើនជាងគេគឺ៧៦នាក់ បន្ទាប់មកទីក្រុងបាងកកមានចំនួន២១នាក់ និងខេត្តសាមុត ប្រាកាន មានចំនួន១២នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។