ក្រុមហ៊ុន​ផលិត​ឱសថ Pfizer នឹងផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩ ៤០​លាន​ដូ​ស ដល់​ប្រទេស​ក្រីក្រ

​ប្រទេស​ស្វី​ស​៖ ក្រុមហ៊ុន​ផលិត​ឱសថ Pfizer នឹង​ផ្តល់​វ៉ាក់សាំង Covid-19 របស់ខ្លួន​ចំនួន​៤០​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ ដោយ​ឈរលើ​មូលដ្ឋាន​មិន​ស្វែងរក​ប្រាក់ចំនេញ តាមរយៈ​កម្មវិធី Covax របស់​អង្គការ​សុខភាព​ពិភពលោក WHO និង​សម្ព័ន្ធ​វ៉ាក់សាំង Gavi ។​

​ប្រធាន​ក្រុមហ៊ុន Pfizer លោក Albert Bourla បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌ មាន​ថា បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរតែមាន​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង ដូចគ្នា​នឹង​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក​ដែរ ។

​លោក​បាន​សង្កត់ធ្ងន់ថា យើង​មាន​មោទកភាព​ដែលមាន​ឱកាស​នេះ ដើម្បី​ផ្តល់​វ៉ាក់សាំង​ដែល​នឹង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់កម្ម​វិធី Covax របស់ WHO ឆ្ពោះទៅរក​ការចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​ថែទាំ​សុខភាព ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រជាជន​ងាយ​រងគ្រោះ​ដទៃទៀត ។​

​សូមជម្រាបថា Covax ដែលជា​កម្មវិធី​ផ្គត់ផ្គង់​វ៉ាក់សាំង Covid-19 នៅ​ទូទាំង​ពិភពលោក និង​កិច្ចខិតខំ​ប្រឹងប្រែង​ចែកចាយ​ប្រកបដោយ​សមធម៌ ក្នុង​គោលបំណង​ធានាថា បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ទទួលបាន​កម្រិត​ដូ​ស​ដូចគ្នា កំពុងមាន​សង្ឃឹមថា នឹងធ្វើ​ការចែក​ចាយ​លើកដំបូង​របស់ខ្លួន​នៅក្នុង​ខែកុម្ភៈ​ខាងមុខនេះ ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close