​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្មី ​ខេត្ត​ព្រះសីហនុ ត្រូវបានប្រកាសតែងតាំងជាផ្លូវការ

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ ដោយមាន​ការ ចូលរួម​ពី ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្រី​អភិបាលរង​ខេត្ត ប្រតិភូ​ក្រសួង អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​។

​យោងតាម​សេចក្តីប្រកាស​លេខ ១៩២​ប្រក សម្រេច​តែងតាំង​លោក ប៊ុត បុប្ផា ជា​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ ជំនួស​លោក ដេ​ត ណូ ដែល​បាន​ចូលនិវត្តន៍ ។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​បុគ្គលិក​មន្ទីរ​វប្បធម៌​ជា ពិសេស​លោក ដេ​ត ណូ ចូលនិវត្តន៍ បាន​ខិតខំ​បំពេញការងារ​អស់ពី​កម្លាំង កាយ​ចិត្ត ប្រាជ្ញា ស្មារតី​ក្នុងការ​ដឹកនាំ​មន្ទីរ​ទទួលបាន​លទ្ធផល​ល្អ​មានការ​គោរព​ពី​មន្ត្រីក្រោមឱវាទ ព្រម ទាំង​បាន​ផ្ដាំផ្ញើ​លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្បធម៌​ថ្មី ដែល​បានផ្ដល់​សេចក្តីទុកចិត្ត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែងតាំង​ជា​ប្រធាន​មន្ទីរ​វប្បធម៌​ថ្មី ត្រូវបំពេញ​ការងារ​ឱ្យសម្រេចបាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ស្របតាម​គោលការណ៍​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត មានការ​រីកចម្រើន ប្រតិបត្តិការ​ទន់ភ្លន់​ម៉ត់ចត់​ជាមួយ​មន្ទីរ អង្គភាព​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់​ប្រកបដោយ​មនសិការ​វិជ្ជា​ជីវៈ​ទទួល​ការខុសត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់​” និង​បាវ​វចនា​ពីរ​គឺ “​កែទម្រង់​ខាងក្នុង​” និង “​បង្កើន​មិត្ត​ខាងក្រៅ​” ព្រមទាំង​ប្រតិបត្តិការ​យ៉ាង​ម៉ឺងម៉ាត់​តាម​ពាក្យស្លោក “​កែទម្រង់ គឺ​រស់ បើ​មិន​កែទម្រង់​គឺ​ស្លាប់ “​។​

​ជាមួយគ្នា​នោះ​ផងដែរ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ឱ្យ​លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​សីហនុ​ទើបតែ​តែងតាំង​ថ្មី ឱ្យ​និពន្ធ​រឿងរ៉ាវ​សាវតារ​បស់​ខេត្ត​ព្រះសីហនុ​ក្នុង​ប្រធានបទ​(​បុប្ផា​ផ្ដៅ​សោម​)​ដើម្បី​ដាក់ជូនទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រួត​ពិនិត្យមើល និង​ឯកភាព​ទទួលយក ឯកឧត្តម​នឹងដាក់​រឿងនេះ​ចូល​នៅពេល​បុណ្យ​សមុទ្រ​ឆ្នាំនេះ​តែម្ដង​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​លោក​ប្រធាន​មន្ទីរ​ថ្មី ត្រូវខិតខំ​ប្រឹងប្រែង​បំពេញការងារ​តាម​តួនាទី​ភារៈកិច្ច បែងចែក​ការងារ​ដល់​មន្ត្រីក្រោមឱវាទ សហការ​សាមគ្គីភាព​ផ្ទៃក្នុង ជាពិសេស​សហការ​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បន្ត​ស្រាវជ្រាវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្មែរ​ឱ្យ​ក្លាយជា​ចលករ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​កាត់ បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

​នាឱកាស​នោះ​ឯកឧត្តម ស្រី សួន រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានធ្វើការ​ផ្តាំផ្ញើ​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្មី ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ចាត់​ចែក​ការងារ​ឱ្យមាន​តម្លាភាព និង​គណនេយ្យភាព ស្មោះត្រង់​តម្កល់​ផលប្រយោជន៍​រួម​ជាធំ មិនត្រូវ​មើលបំណាំ​គ្នា បើ​មាន​បញ្ហា​ប្រឈម​ត្រូវ​រួមគ្នា​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close