អ៊ីរ៉ង់ បង្ហាញ​ពី​គោលបំណង​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក​បៃ​ឌិន​

​រដ្ឋាភិបាល​អ៊ីរ៉ង់ បានប្រកាស ថា​ខ្លួន​នឹង​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើងវិញ ប្រសិនបើ​សហរដ្ឋអាមេរិក​ដក​ទ​ណ្ឌ​កម្ម​ចេញ​វិញ​។ តាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ នៅ​យប់​ថ្ងៃ​ចន្ទ ទី​២៥ ខែមករា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា ក្រសួងការបរទេស​អ៉ី​រ៉ង់​បាន​និយាយ​នៅ​ថ្ងៃទី​២៥​ខែមករា​បានប្រកាសថា អ៉ី​រ៉ង់​នឹង​វិលត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើងវិញ ប្រសិនបើ​សហរដ្ឋអាមេរិក យល់ព្រម​ដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​របស់ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក Saeed Khatibzadeh បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍ នៅថ្ងៃនេះ​ថា «​យើង​បានប្រកាស​ជំហរ​របស់​យើង​រួចហើយ​។ យើង​ត្រូវតែ​មើលឃើញ​ពី​ការដក​ទណ្ឌកម្ម និង​ការអនុវត្ត​កិច្ចព្រមព្រៀង​ប្រកបដោយ​ប្រសិទ្ធភាព ពី​សំណាក់​ភាគី​សហរដ្ឋអាមេរិក និង​ភាគី​ដទៃទៀត​»​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​កត់សម្គាល់ថា ប្រសិនបើ​សហរដ្ឋអាមេរិក​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​របស់ខ្លួន ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៉ី​រ៉ង់ (JCPOA) ដោយ​ព្រម​ដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​អ៊ីរ៉ង់ ដូច្នេះ​ភាគី​អ៊ីរ៉ង់​ក៏​នឹង​វិលត្រឡប់​ទៅ​ប្រកាន់​ភ្ជាប់​ចំពោះ​កាតព្វកិច្ច​របស់ខ្លួន​ដែរ​។​

​គួរ​បញ្ជាក់ថា អតីត​ប្រ​ធា​ធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ខាងលើ ជា​ផ្លូវការ​កាលពី​ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ ហើយ​បានដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី លើ​ទីក្រុង​តេ​ហេ​រ៉ង់​។ ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌកម្ម​របស់​អាមេរិក អ៉ី​រ៉ង់​បាន​រំលោភ​កិច្ចព្រមព្រៀង​ជាច្រើន​ចំណុច​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close