ថ្ងៃនេះ កម្ពុជា ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២នាក់ទៀត ខណៈមានអ្នកជាសះស្បើយ៣នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺ៣នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទាំង២នាក់ គឺជាអ្នកដំណើរមកពីក្រៅប្រទេសម្នាក់ និងពលករខ្មែរម្នាក់។ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរ។
ចំណែកអ្នកជាសះស្បើយទាំង ៣នាក់រួមមាន៖ គឺជាពលករខ្មែរចំនួន ២នាក់ និងបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់។ ដោយអ្នកទាំង៣ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឱ្យចេញមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤១២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។