លើកដំបូងលោកត្រាំ ចេញសេចក្តីប្រកាសចាប់តាំងពីទៅកាន់ Florida
អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបើកការិយាល័យនៅ Florida ដើម្បីទទួលនិងឆ្លើយតបទៅលើលិខិត ក្នុងនាមជាអតីតប្រធានាធិបតីអាមេរិក។
នៅថ្ងៃទី ២៥ខែមករា លោក ដូណាល់ ត្រាំ បានបើកការិយាល័យមួយ ដែលនឹងទទួលបន្ទុកចាត់ចែងកាតព្វកិច្ចរបស់លោក ក្នុងនាមជាអតីតប្រធានាធីបតីអាមេរិកម្នាក់ ព្រមទាំងបន្តជំរុញគោលដៅនៃអតីតរដ្ឋបាលរបស់លោក។ ការិយាល័យខាងលើនឹងមានតួនាទី រៀបចំកិច្ចការសំខាន់មួយចំនួនដូចជា ការទំនាក់ទំនង, សេចក្តីថ្លែងការណ៍, ការបង្ហាញវត្តមាន, និងសកម្មភាពផ្លូវការនានារបស់លោក ដូណាល់ ត្រាំ ក្រោមគោលដៅជំរុញក៏ដូចជាបន្តលើកកម្ពស់ ផលប្រយោជន៍ជាតិអាមេរិក ព្រមទាំងបន្តនូវគោលដៅនៃអតីតរដ្ឋបាលរបស់លោក តាមរយៈការចូលរួមសកម្មភាពផ្សេងៗ។
គួរបញ្ជាក់ថា ចាប់តាំងពីចាកចេញពីសេតវិមានកាលពីថ្ងៃទី២០ ខែមករា មក លោក ដូណាល់ ត្រាំ ពុំទាន់បានបង្ហាញវត្តមានជាសាធារណៈម្តងឡើយ។ ថ្ងៃចុងក្រោយនៃអាណត្តិរបស់លោក លោក ត្រាំ បានធ្វើដំណើរទៅកាន់រមណីយដ្ឋាន ម៉ាអាឡាហ្គោ (Mar-a-Lago) របស់លោក ដែលស្ថិតក្នុងទីក្រុង ផាមប៊ិច (Palm Beach) នៃរដ្ឋផ្លូរីដា ដោយមិនបានចូលរួមពីធីស្បថកាន់តំណែងរបស់លោក ចូ បៃដិន នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។