អ្នកឆ្លងកូវីដ១៩ នៅថៃនិងឥណ្ឌូនេស៊ី កើនឡើងខ្ពស់
សារព័ត៌មាន Channel News Asia នៅថ្ងៃទី២៦ខែមករាបានផ្សាយថា ប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៩៥៩នាក់ ដែលនេះជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ នៅក្នុងប្រទេសអាស៊ានមួយនេះ។
តួលេខឆ្លង COVID-19 ប្រចាំថ្ងៃដ៏អាក្រក់បំផុត ដែលថៃធ្លាប់បានរាយការណ៍កន្លងមកនេះ គឺកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ដែលមានចំនួន ៧៤៥នាក់។ គិតត្រឹមថ្ងៃអង្គារនេះ ថៃមានករណីឆ្លងសរុប ១៤,៦៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ៧៥នាក់ និងជាសះស្បើយវិញ ១០,៨៩២នាក់។ ក្នុងចំណោមករណីឆ្លង COVID-19 ទាំង ៩៥៩នាក់ខាងលើនេះ ៩១៤នាក់ជាករណីឆ្លងក្នុងស្រុក និង ២២នាក់ទៀតជាករណីនាំចូល។ អាជ្ញាធរថៃបានអះអាងទៀតថា ករណីឆ្លងក្នុងស្រុកភាគច្រើនបំផុត ត្រូវបានរកឃើញនៅក្នុងខេត្ត សាមុតសាខន ស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក។
ចំណែកនៅក្នុងប្រទែសឥណ្ឌូនេស៊ីវិញ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសនេះបានកើនលើស ១លាននាក់ហើយនៅថ្ងៃ២៦ខែមករានេះ ខណៈប្រទេសអាស៊ីគ្នេយ៍មួយនេះ កំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ទូទាំងប្រទេស។
បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ អ្នកឆ្លង COVID-19 ចំនួន ១៣,០៩៤នាក់ ត្រូវបានរាយការណ៍ ដែលនេះបានធ្វើឱ្យចំនួនករណីឆ្លងសរុបកើនដល់ ១,០១២,៣៥០ករណី។ ចំណែកឯ អ្នកស្លាប់ថ្មី ៣៣៦នាក់ ក៏ត្រូវបានប្រកាសផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ២៨,៤៦៨នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ បានកើនឡើងដល់ ៨២០,៣៥៦នាក់។
បច្ចុប្បន្នអាជ្ញាធរឥណ្ឌូណេស៊ី កំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជននៅទូទាំងប្រទេស ទៅតាមដំណាក់កាល ជាមួយវ៉ាក់សាំងដែលបញ្ជាទិញពីក្រុមហ៊ុនចិន Sinovac ដោយប្រទេសធំជាងគេនៅអាស៊ានមួយនេះរំពឹងថា អាចនឹងគ្រប់គ្រងការឆ្លងរាតត្បាត COVID-19៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។