នគរបាល​ខេត្តកំពង់ធំបំបែកសំណុំរឿង​ដោយជោគជ័យករណីប្តី​សម្លាប់​ប្រពន្ធ​​​យក​​​ទៅ​កប់

កំពង់ធំ ៖ កងកម្លាំង​នគរបាល​ខេត្តកំពង់ធំ បាន​ប្រើ​វិធាន​ការជំនាញ ស្រាវជ្រាវ​ស៊ើបអង្កេត ជាបន្ទាន់​នៅ​កន្លែងកើតហេតុបន្ទាប់ពី​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ នៅ​តំបន់​អូ​កូត ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ មានការ​បាត់​មនុស្ស ឈ្មោះ ធា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​ ជាលទ្ធផលបាន​រកឃើញ​សាកសព​កប់​ក្នុង​ដី​មាន​សភាព​ហើម​ស្អុយ រលួយ​ទៅហើយ​។​

​យោងតាម​ការត្រួតពិនិត្យ​ វិភាគ ទៅលើ​ស្លាកស្នាម​សព​ជនរងគ្រោះ ដោយ​ម៉ត់ចត់ និង​យកចិត្ត ទុកដាក់​ពី​កងកម្លាំង នគរបាល​ជំនាញ បានកំណត់​មុខ សញ្ញា​ជនសង្ស័យ​ដែល​ប្រព្រឹត្តិ​បទល្មើស។​ ​ជនសង្ស័យ​ត្រូវជា​ប្តី សម្លាប់​ប្រពន្ធ​ដោយ​រឹត​ក និង​ខ្សែ​អង្រឹង រួច​យកទៅ​កប់ នៅក្រោយ​ចំការ​(​មូលហេតុ ដោយមាន​ការឈ្លោះប្រកែក​គ្នា​)​។​

​យោងតាម​អគ្គស្នងការ​នគរបាល​ជាតិបានបញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ដោយមាន​ការសម្របសម្រួល​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បញ្ជា​ផ្ទាល់​ដល់​លោក​វរសេនីយ៍ឯក ទិ​ត្យ សំណាង ស្នងការរង ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កងកម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្ដាន់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អន លឹក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ (​ត្រូវជា​ប្តី​ជនរងគ្រោះ​) នៅ​ចំណុច​ក្នុង​ចំការ​ស្វាយ​ចាន់ទី តំបន់​អូ​កូត ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។

បច្ចុប្បន្ន​ជនសង្ស័យ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close