រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧ នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​

​ខេត្តសៀមរាប​៖ គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) បានសម្រេច​រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ថ្ងៃទី​២៦-២៧ ខែមករា ឆ្នាំ​២០២១ នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល ខេត្តសៀមរាប បន្ទាប់ពី​ខកខាន​ដោយសារ​ការរីក​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​កិច្ចប្រជុំ​ទាំងពីរ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកជំទាវ Eva Nguyên-Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា និង​ឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ក្នុងនាម​សហប្រធាន​នៃ​កិច្ចប្រជុំពេញអង្គ ។​

​ទន្ទឹមនឹងនេះ អ្នកជំនាញការ​អន្តរជាតិ ភ្ញៀវ​ជាតិ និង​ក្រុម​អ្នកជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត នឹងចូលរួម​កិច្ចប្រជុំ​ទាំងពីរ តាមរយៈ video conference ពី​កិច្ចប្រជុំ​ជាក់ស្តែង​នា​ខេត្តសៀមរាប និង​ក្រៅប្រទេស​។ កិច្ចប្រជុំ​នេះដែរ ក៏មាន​ការចូលរួម​ពី​អ្នកជំនាញ​អាដហុក​ថ្មី សម្រាប់​ការងារ​អភិរក្ស​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​គឺ លោក​សាស្ត្រាចារ្យ Stefano De Caro អតីត​អគ្គនាយក​នៃ​វត្ថុ​បុរាណ​របស់​ប្រទេស​អ៊ីតាលី និង​ជា​អតីត​អគ្គនាយក​នៃ​ICCROM ។​

​ប្រធានបទ​សំខាន់ៗ​នៃ​កិច្ចប្រជុំ គឺ​ផ្តោតលើ​ការអភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​អង្គរ ការតាមដាន​អំពី​ការអនុវត្ត​នូវ​រាល់​អនុសាសន៍​ដែល​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​បានសម្រេច​នាពេល​កន្លងមក ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រវាង​អ្នកជំនាញ​អាដហុក​អំពី​កិច្ចការ​ផ្សេងៗ​ដែល​កំពុង​និង​ត្រៀម​អនុវត្ត​នាពេល​អនាគត​។ ក្នុងនោះដែរ កិច្ចប្រជុំ​ក៏​នឹង​សម្រេច​អនុម័ត​នូវ​អនុសាសន៍​ថ្មីៗ​បន្ថែម​ដល់​ក្រុមការងារ​ជំនាញ​ដើម្បី​អនុវត្ត​ស្របតាម​ផែនការ​អនុវត្ត​គម្រោង​នីមួយៗ​។​

​ចំពោះ​ការចូលរួម​ដោយផ្ទាល់​ពី​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល គឺ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ និង​ការរក្សា​គម្លាត​សង្គម ក្នុងនោះ​បានកំណត់​ចំនួន​អ្នកចូលរួម​ផ្ទាល់​ចំនួន​តែ​៧០​នាក់​ប៉ុណ្ណោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close