ហ្វីលីពីន រកឃើញករណីឆ្លងវីរុសកូវីដ១៩ ទម្រង់ថ្មី ក្នុងសហគមន៍
ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន បានអះអាងពីការរកឃើញករណីឆ្លងក្នុងសហគមន៍ នៃវីរុសអង់គ្លេសបម្លែងខ្លួនប្រភេទថ្មី ដែលឆ្លងខ្លាំងជាងមេរោគកូរ៉ូណាទៅទៀត។
អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី ម៉ារៀ រ៉ូសារីអូ វើហ្សេ បានប្រាប់សារព័ត៌មាន ANC ថា ឥឡូវនេះ យើងមានករណីឆ្លងក្នុងសហគមន៍ ដែលបុគ្គលមានផ្ទុកវីរុសទម្រង់ថ្មីបានចម្លងដល់សហគមន៍ និងក្រុមគ្រួសាររបស់ពួកគេ ។
បើតាមក្រសួងសុខាភិបាលហ្វីលីពីន វីរុស B117 បានរីករាលដាលក្នុងចំណោមមនុស្សចំនួន១២នាក់នៅខេត្ត Bontoc ភាគខាងជើង ។ ករណីដំបូងនៃវីរុសអង់គ្លេសនេះ ត្រូវបានរកឃើញលើជនជាតិហ្វីលីពីនម្នាក់ ដែលធ្វើដំណើរមកពីប្រទេសអារ៉ាប់រួម ។
គួរបញ្ជាក់ផងដែរថា ពិភពលោកកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុស B117 ថ្វីបើមានបម្រាមធ្វើដំណើរ, ការបិទទីតាំង និងវិធានការរឹតបន្តឹងនៅក្នុងប្រទេសជាច្រើនក៏ដោយ ចំពេលមានការព្រួយបារម្ភថា វាមិនត្រឹមតែឆ្លងខ្លាំងជាងជំងឺ Covid-19 ទេ ប៉ុន្តែវាក៏សម្លាប់មនុស្សសាហាវជាង Covid-19 ផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។