អន្តរក្រសួង បើករៀបចំវេទិការជាតិអេកូទេសចរណ៍លើកទី២ នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខា បានរៀបចំវេទិការជាតិអេកូទេសចរណ៍លើកទី២ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួង ក្រោមការសម្របសម្រួលរបស់ក្រសួងទេសចរណ៍ ដែលបានសហការយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្តសៀមរាប ព្រមទាំងអង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំវេទិកានេះឱ្យប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយ នាគ្រប់កាលៈទេសៈ ហើយវិស័យទេសចរណ៍ គឺជាមាសបៃតង ដែលមានការរីក ចម្រើនយ៉ាងខ្លាំង និងប្រកបដោយសក្តានុពល ស្របតាមរបៀបវារៈនៃអង្គវេទិកានាពេលនេះ ហើយពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើការប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាថាជា “ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ” និងជា ពិសេសគោលនយោ បាយជាតិ អេកូទេសចរណ៍ ២០១៩-២០៣០។
ឆ្លៀតយកឱកាសនេះ ក៏បានជម្រាបជូនដែរថា បច្ចុប្បន្នសហគមន៍នេសាទចំនួន ១៣១ ក្នុងចំណោមសហគមន៍នេសាទទាំងអស់៥១៦ មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងគោលដៅជុំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិជា ចម្បង។
ជាក់ស្តែង សហគមន៍នេសាទចំនួន ២៧ បាននិងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង ៩ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និងខេត្ត កោះកុង។ ដោយឡែក យើងបង្កើតសហគមន៍ព្រៃឈើនៅទូទាំងប្រទេសសរុបចំនួន ៦៣៨ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។
ក្រៅពីសហគមន៍នេសាទ និងសហគមន៍ព្រៃឈើ ក្រសួងបានបង្កើតសហគមន៍កសិកម្មបានចំនួន១ ១៩០ និងសហភាពសហគមន៍កសិកម្មចំនួន១១ ដែលសុទ្ធតែមានសក្តានុពលសម្រាប់បង្កើតជាតំបន់កសិ-ទេស ចរណ៍នាពេលអនាគត។ ក្នុងខណៈនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចឲ្យឃើញអំពីចំណុច ខ្លាំង ចំណុចខ្សោយក្នុងការដឹកនាំ ការគ្រប់គ្រង កិច្ចការរដ្ឋបាល សេដ្ឋកិច្ច ការបែងចែកផលលាភ ការអភិរក្ស ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងនិរន្តរភាព។ល។ តែទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារអន្តរក្រសួង និងសហគមន៍អេកូទេសចរណ៍សម្រេចបាននាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាវេទិកាជាតិនេះ នឹងផ្តល់ឱកាសជួបជុំគ្នាដើម្បីពិនិត្យតាម ដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈម ព្រមទាំងរួមគ្នារិះរកវិធានការដោះស្រាយប្រកប ដោយគំនិតច្នៃប្រឌិត និងការបំពេញភារកិច្ចតាមគន្លងថ្មីដើម្បី ផលប្រយោជន៍រួម ជាពុទ្ធិក្នុងការ ចូលរួមចំណែកពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងវិស័យកសិ-ទេស ចរណ៍ រួមគ្នាជួយទ្រទ្រង់ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងការធានានូវចីរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។