ACT បើកកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តសកម្មភាពកន្លងមក និងការចែករំលែកបទពិសោធន៍

អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ដែលហៅកាត់ថា ក.ដ.ទ. (ACT) កាលពីដើមសប្តាហ៍​នេះ បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅឯក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការ​ចូលរួមពី​ប្រជាសហគមន៍ ព្រមទាំងអ្នក​សារ​ព័ត៌មាន ក្នុងគោលបំណងឆ្លុះបញ្ចាំងពីការអនុវត្តសកម្មភាពកន្លងមកការចែករំលែកបទពិសោធន៍របស់បណ្ដាញសន្តិភាពការចែករំលែកចំណេះដឹងភាពជាអ្នកដឹកនាំនៃភាពជាតំណាងរបស់សហគមន៍ការតម្រង់ទិសពីរចនាសម្ព័ន្ធនិងគោលដៅរបស់អង្គការ ACT និងការរៀបចំផែនការយុទ្ធសាស្ត្រសកម្មភាពរបស់បណ្ដាញសម្រាប់ឆ្នាំ ២០២១។

លោកស្រី សុធាវី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) បានបញ្ជាក់ថា ដោយសារវិបត្តិ covid-19 ដែលបានរាតត្បាតពាសពេញពិភពលោកយ៉ាងធ្ងន់ធ្ងរទើបអង្គការ ACT បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំដោយមានការជួបជុំគ្នាត្រឹមតែ ១៩ នាក់និងមានគម្លាតសមត្ថភាពដោយអង្គុយចម្ងាយ ១.៥ម៉ែត្រពីគ្នាព្រមទាំងមានពាក់ម៉ាសបាញ់អាកុលដែលទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ក្នុងនោះ​លោកស្រី​ក៏​បានចែករំលែកចំណេះដឹងស្ដីពីភាពជាតំណាងសហគមន៍ដោយធ្វើការប្រៀបធៀបភាពខុសគ្នារវាងភាពជាតំណាងនិងភាពជាអ្នកដឹកនាំដែលមានសារៈសំខាន់ដល់សហគមន៍ឬអង្គការយកមកអនុវត្តឲ្យសមស្របតាមស្ថានភាពបរិបទសង្គមនិងឈានដល់ការសម្រេចបានលទ្ធផលការងារល្អប្រសើរស្របតាមគោលនយោបាយឈ្នះឈ្នះទាំងអស់គ្នាហើយមិនមានអ្នកណាម្នាក់ត្រូវបានបោះបង់ ឬទុកចោលឡើយ។

ក្នុង​ឱកាសនោះដែរ តំណាងបណ្ដាញអ្នកសារព័ត៌មាន និងតំណាងសហគមន៍ ក៏​បាន​លើកឡើងពីបញ្ហាប្រឈមនានាដែលមិនទាន់ដោះស្រាយបានក្នុងតំបន់ និងសហគមន៍របស់ខ្លួន ហើយ​ក្រុមការងារបណ្ដាញនីមួយៗបានរៀបចំផែនការសកម្មភាពឆ្នាំ២០២២ដោយគ្រោងរៀបចំបើកវគ្គបណ្ដុះបណ្ដាលរៀបចំសិក្ខាសិលានិងវេទិកាផ្សព្វផ្សាយស្ដីពីសារព័ត៌មានសន្តិភាពការស្វែងយល់ និងការដោះស្រាយទំនាស់ក្នុងសហគមន៍និងគោលការណ៍ភូមិឃុំមានសមត្ថភាពបញ្ហាគ្រឿងញៀនការកាប់បំផ្លាញព្រៃសហគមន៍និងបញ្ហានានាដែលអាចឆ្លើយតបនឹងបញ្ហាសហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close