ស្រះបុរាណតាលី ដែលព្រះបរមរតន:កោដ្ឋព្រះរាជទានមេដាយ ត្រូវគេចាក់ដីលុបបំបាត់រូបរាង
(បាត់ដំបង)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងបានថ្លែងថា រយ:ពេលជិត ១ឆ្នាំហើយដែលពួគគាត់បានឃើញក្រុមហ៊ុនឯកជនលក់ដីឡូត៍ ផ្ទះល្វែងចាក់អាចម៍ដីលុបស្រះបុរាណតាលី ដែលជាអាងស្តុកទឹកដ៏សំខាន់របស់ពួកគាត់។
ស្រះតាលីនេះ បើតាមអ្នកដឹងរឿងរ៉ាវថា ដំបូងគឺមានដង្ខៅម្នាក់ឈ្មោះ លី ដោយសារលោកមានទ្រព្យសម្បត្តិស្តុកស្តំ និងភាពរីកលូតលាស់ផ្នែកការងារកសិកម្មដីស្រែរាប់រយហិកតា និងជីកស្រះ ផ្តល់អំណោយមនុស្សធម៌ផងដែរជួយដល់បងប្អូនប្រជាកសិករបានប្រើប្រាស់ក្នុងទសវត្សទីជាង ៦០ ត្រូវបានព្រះករុណាព្រះបាទសម្តច ព្រះនរោត្តម សី ហនុ ព្រះបរមរតន:កោដ្ឋ បានយាងដល់មូលដ្ឋានផ្ទាល់ព្រះរាជទានផ្តល់មេដៃកិត្តិយសលើកទឹកចិត្តដល់ដង្ខៅ លី ដែលសកម្មផ្នែកការងារមនុស្សធម៌ជួយដល់សង្គមនាសម័យនោះ។
បើតាមប្រជាពលរដ្ឋក្នុងភូមិថា តាំងពីកើតមកដឹងក្តីមក គឺពួកគេតែងឃើញស្រះបុរាណនេះតែម្តង តែមិនបានដឹងច្បាស់ពីប្រវត្តិទេគ្រាន់តែដឹងថាស្រះនោះពីដើមមានទឹកច្រើន និងជ្រៅផុតក្បាល តែក្រោយមកគោករាក់បន្តិចម្តងៗ។
ប៉ុន្តែឥឡូវនេះ ស្រាប់តែពួកគាត់ឃើញក្រុមហ៊ុនចូលមកចាក់លុបស្រះនេះតែម្តង ហើយក្រោយមកក៏បានផ្អាកដំណើរមួយរយ: មុននឹងបន្តចាក់ដីលុបបំបាត់ដានទាល់តែបាត់រូបរាង។
លោក ឈុន លៀង ប្រធានក្រុមហ៊ុនអចលនវត្ថុដែលបានចាក់លុបផ្ទៃស្រះ តាលីបានលើកឡើងថា ទីតាំងខាងលើបានគោករាក់ស្ទើរទាំងស្រុងទៅហើយ លោកបានសួរនាំអាជ្ញាធរដែរមុននឹងសម្រេចចិត្តចាក់លុប។ ជាក់ស្តែងការចាក់លុបចូលផ្ទៃស្រះបុរាណនេះប្រមាណជា ២០ម៉ែត្រប៉ុណ្ណោះម៉្យាងទៀតការរៀបចំនេះក៏ជាអភិវឌ្ឍនៅមូលដ្ឋានដែរ។
ចំណែកលោក ជុំ គឹមសេង មេឃុំនរាបានឲ្យដឹងដែរថា ទីតាំងខាងលើមិនមានស្រះទេមានតែប្រឡាយ ហើយប្លង់ម្ចាស់ដីដំបូងដែលមានព្រំជាប់គ្នាក៏មិនមានស្រះបុរាណដែរ ម៉្យាងទៀតចំណុចខាងលើកាលពីដើមមានផ្លូវមានទំហំតូច តែដល់បច្ចុប្បន្នផ្លូវខេត្តពង្រីកដល់ ៤០ម៉ែត្រដូចនេះបានស៊ីចំណែកតួស្រះមិនមានទៀតទេ។
រីឯលោក សុខ ហឿន អភិបាលស្រុកសង្កែ បានបញ្ជាក់ជុំវិញបញ្ហានេះថា លោកមិនបានស្គាល់ស្រះបុរាណរបស់លោកតា លីនោះទេចង់ដឹងច្បាស់ទៅសួរនាំទៅលោកមេឃុំទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។