​ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលតវ៉ា​ជា​ថ្មី​ប្រឆាំង​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍

កណ្ដាល ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋ​ចំនួន២៩២គ្រួសារ​ ផ្ទុះ​ការ​តវ៉ា​សារជា​ថ្មី​ ប្រឆាំង​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ របស់​លោក​ស្រី​ឧកញ៉ា​ សៀង​ ចាន់​ហេង​ ហើយ​បាន​សុំ​ការ​អន្តរាគមន៍​ពី​លោក​ទេសរដ្ឋមន្រ្តី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ជា​ពិសេស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​  ដោយពួកគាត់មកជាមួយបដា​ និង ការប្រកាសស្រែកសុំ​យុត្តិធម៌​ ពិតប្រាកដ​សម្រាប់​ពួកគាត់។

ក្រុម​ប្រជាពលរដ្ឋមានចំនួនជាង១០០នាក់​ទាំងនោះ បានមកជួបជុំគ្នានៅក្បែរក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ ដើម្បីស្នើសុំដល់លោក ជា សុផារ៉ា រកយុត្តិធម៌ពិត​ប្រាកដ​ជូនពួកគាត់​ ខណៈពួកគាត់​ អះអាង​ថា ដីចំនួន៤៥០ហិកតានៃប្រជាជនសរុប​​​២៩២គ្រួសារ ត្រូវបានក្រុមហ៊ុន ហេង អភិវឌ្ឍន៍រំលោភយកនិង ថែមទាំង​បាន​បាញ់ពលរដ្ឋ​ឱ្យ​របួសថែមទៀតផង។

តំណាងប្រជាពលរដ្ឋគឺ​ លោក អីុ វណ្ណា និង លោក សែន សកុណា​ បាននិយាយថា ពួកគាត់មកស្នើសុំការ​អន្តរាគមន៍​នេះ មិនមែនជាលើកទី១ ទេ គឺ​លើក​ទី​៤ហើយ​ ។ ប៉ុន្តែ​មិនដែលទទួលបានពន្លឺ​យុត្តិធម៌​ទាល់តែសោះ ហើយការមកស្នើសុំរបស់ពួកគាត់នាពេលនេះ គឺ មិនមែនក្នុងន័យនយោបាយ ជិតបោះ​ឆ្នោត​ មកកូរ និង រុញស្ថានការណ៍​ឱ្យ​រញ៉េរញ៉ៃនោះទេ ពោលគឺពួកគាត់សុទ្ធតែជាអ្នកគាំទ្រ​សម្តេច​តេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ ។

ដីរបស់ក្រុមប្រជាពលរដ្ឋដែលមាន​បញ្ហានោះ ស្ថិតនៅ៣តំបន់គឺ

ទី១៖ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល​ ។

ទី២៖ភូមិអំពៅព្រៃ ឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ត​កណ្ដាល​ ។

ទី៣៖ភូមិទួលតាម៉ក់ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្ត​កណ្ដាល​ ។

ជាចុងក្រោយក្រុមប្រជាពលរដ្ឋបានរំលឹកថា នៅឆ្នាំ២០០៤ ស្រាប់​តែក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មកប្ដឹងពួកគាត់ថា បានកាន់កាប់ដីរបស់ក្រុមហ៊ុនដោយខុសច្បាប់ តែតុលាការខេត្តកណ្ដាល កាត់ក្ដីឱ្យពលរដ្ឋឈ្នះក្ដីនេះ នៅឆ្នាំ២០០៦ ដោយពួកគាត់បញ្ជាក់ថា ពួកគាត់មកអាស្រ័យផលលើដីនេះ តាំងពីឆ្នាំ១៩៨៧ មកម៉្លេះ​ហើយក្រោយមកមាន​កំណើន​សរុប​​​២៩២​​​គ្រួសារ គឺ នៅឆ្នាំ១៩៩៣ ។ តែរយៈពេលជិតមួយឆ្នាំបន្ទាប់មក​ ស្រាប់តែមានលិខិតមក​បញ្ជាក់​ជា​ថ្មីថា ដីនេះជាកម្មសិទ្ធិរបស់លោកស្រី​ឧកញ៉ា​សៀង ចាន់ហេង ទៅវិញ ។

លុះដល់ឆ្នាំ២០០៩ ក្រុមហ៊ុនបានយក​កម្លាំង​អាវុធហត្ថប្រដាប់ដោយកាំភ្លើងគ្រប់ដៃ អមជាមួយគ្រឿងចក្រធុនយក្ស បាន​​​មក​​​​កម្ទេច​ដំណាំរបស់ពួកគាត់ ភ្លាម​ៗនោះ ក៏មានការតវ៉ាបានកើតឡើង ភ្លាមនោះដែរ តែស្នូរកាំភ្លើងបាញ់រះតម្រង់មកប្រជាជន បណ្ដាលឱ្យមនុស្សពីរនាក់រងរបួស៕

Image may contain: 1 person, smiling, text

Image may contain: 3 people, people smiling, people standing and outdoor

Image may contain: 6 people, people smiling, people standing and outdoor

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close