ក្រសួងសន្តិសុខជាតិអាមេរិក ប្រកាសអាសន្នពីការវាយប្រហារភេរវកម្ម
ក្រសួងសន្តិសុខជាតិអាមេរិក(DHS) បានព្រមានពីការវាយប្រហារភេរវកម្ម នៅក្នុងទឹកដីអាមេរិក រហូតដល់ខែមេសា ដោយសារតែ មានពលរដ្ឋជាច្រើនមិនពេញចិត្តនិងការដឹកនាំរបស់រដ្ឋាភិបាលថ្មី ។ កាលពីថ្ងៃទី២៨ខែមករា ប្រព័ន្ធប្រកាសអាសន្នពីការវាយប្រហារភេរវកម្ម របស់ក្រសួងសន្តិសុខជាតិ បញ្ជាក់ពីក្រុមជ្រុលនិយមអាចវាយប្រហារទៅលើទីតាំងរដ្ឋាភិបាល ដោយក្រុមជ្រុលនិយមប្រឆាំងលោក ចូ បៃដិន។
ការប្រកាសអាសន្ននេះគឺជាការដាស់តឿនថា ក្រុមជ្រុលនិយមអាចធ្វើការវាយប្រហារ ទៅលើមន្ត្រីជាប់ឆ្នោត និងអគាររដ្ឋាភិបាលបានគ្រប់ពេល ដូចទៅនឹងការវាយប្រហារ ដែលបានកើតឡើងកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ ទៅលើវិមានសភាដោយក្រុមអ្នកគាំទ្រ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ការប្រកាសអាសន្នខាងលើនេះបានកើតឡើង ខណៈអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាបានចោទប្រកាន់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ និងក្រុមអ្នកដើរតាមកងជីវពលស្តាំនិយម ដែលមានកាន់កាប់គ្រាប់បែកចំនួន ០៥គ្រាប់នោះថា មានបំណងវាយប្រហារក្រុមអ្នកប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មថ្នាក់ជាតិ ការគំរាមកំហែង និងការវាយប្រហារអាចបន្តកើតមាន ជាច្រើនសប្តាហ៍ទៅមុខទៀត បន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន កាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ និងកំឡុងពេលដែលលោក ដូណាល់ ត្រាំ កំពុងប្រឈមនឹងការចោទប្រកាន់នៅក្នុងព្រឹទ្ធសភា ពីបទញុះញង់ឲ្យមានការវាយវាយប្រហារដ៏ហិង្សា ទៅលើវិមានសភាកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។