អាមេរិក​ គ្រោង​បង្កើត​រដ្ឋ​ទី​៥១ គឺ​រដ្ឋ​វ៉ាស៊ីនតោន ឌី​ស៊ី​

ក្រុមតំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាធិបតេយ្យ គ្រោង​បង្កើត​រដ្ឋ​ថ្មី​មួយទៀត​គឺ​ផ្តាច់ខ្លួន​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី ទៅជា​រដ្ឋ វិញ ដើម្បី​ឲ្យ​មាន​តំណាង​នៅក្នុង​សភា​។ ប្រសិនបើ​បំបែក​បាន​នោះ គណបក្ស​ប្រជាធិបតេយ្យ នឹង​កាន់តែ​មានការ​គាំទ្រ​កាន់តែច្រើន​ថែមទៀត ពី​ចំនួន​តំណាងរាស្ត្រ​។​

​កាលពី​ថ្ងៃទី​២៧​ខែមករា ក្រុមតំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​តំណាងរាស្ត្រ Tom Carper បានស្នើ​សេចក្តីព្រាងច្បាប់​បំបែក​ទីក្រុង​វ៉ា​ស៊ី​តោន​ទៅជា​រដ្ឋ​ទី ៥១ របស់​អាមេរិក​។​ ​នៅលើ​បណ្តាញ​សង្គម Twitter តំណាងរាស្ត្រ​Tom Carper បាន​បញ្ជាក់ថា ថ្ងៃនេះ យើង​មាន​មោទនភាព ណែនាំ សេចក្តីព្រាងច្បាប់ ដើម្បី​បំបែក​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ទៅជា​រដ្ឋ​ទី ៥១ របស់​សហរដ្ឋអាមេរិក​។​

តាម​ការលើកឡើង​រប​ស់លោក​Tom Carper សេចក្តីព្រាងច្បាប់​ស្តីពី​ការ​បំបែក​រដ្ឋ គឺ​ជួយ​ដល់​ពលរដ្ឋ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​បាន​បង់ពន្ធ​សហរដ្ឋ ប៉ុន្តែ​មិនមាន​តំណាង គ្មាន​សំឡេង​ក្នុង​សភា ក៏ដូចជា​សិទ្ធ​បោះឆ្នោត​ក្នុង​ស្ថាប័ន​បង្កើត​ច្បាប់​។​ ​សេចក្តីព្រាងច្បាប់​ស្តីពី​ករ​បង្កើត​រដ្ឋ​ថ្មី បាន​ស្នើឡើង​តាំងពី​ឆ្នាំ ២០១៣ ក្នុងនោះ​នឹង​ផ្តល់​សិទ្ធ​ដល់​ពលរដ្ឋ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី សម្រេច​កិច្ចការ​ក្នុង​តំបន់ ក៏ដូចជា​មាន​តំណាង​នៅក្នុង​រដ្ឋសភា​។​

​ប្រធានាធិបតី ចូ​បៃ​ឌិន តាំងពីដើម​មក​បាន​គាំទ្រ​ដល់ ការបង្កើត​រដ្ឋ​វ៉ាស៊ីនតោន ទៅជា​រដ្ឋ​ទី​៥១​របស់​អាមេរិក ។ បើទោះបី រដ្ឋសភា​អាមេរិក​ស្ថិតនៅ​កណ្តាល​ទីក្រុង​វ៉ា​ស៊ី ន​តោន ប៉ុន្តែ ទីក្រុង​នេះ​មិនមាន​សិទ្ធិ​ក្នុ​ការ ដាក់ពង្រាយ​កម្លាំង​ជាតិ ដូចជា​រដ្ឋ​ជិតខាង ក្នុងនោះ​មាន​Virginia ជាដើម​។​ ​ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់ បំបែក​រដ្ឋ​ខាងលើ ចាំបាច់​ត្រូវ​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​មកពី​កណប​ក្ស​សាធារណរដ្ឋ យ៉ាងតិច ១០ រូប ។ ប៉ុន្តែ​គម្រោង​ខាងលើ​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​គណបក្ស​សាធារណរដ្ឋ ដោយ​ចាត់ទុកថា នេះ​ជា​គោលបំណង​ដើម្បី​ពង្រីក​ផលប្រយោជន៍​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​នៅ ក្នុង​រដ្ឋសភា ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close