ក្រសួងសុខាភិបាល បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ២​នាក់​ទៀត ខណៈ ១០​នាក់ បានជា​សះស្បើយ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​នេះ បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ​១០​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នកជំងឺ​ទាំង​២​នាក់ ទើប​រកឃើញ​ឆ្លង​កូ​វីដ​១៩​នោះ ជា​ពលករ​ខ្មែរ​មក​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ម្នាក់ និង​ម្នាក់ទៀត ជា​ដំណើរ​មកពី​ប្រទេស​កូរ៉េខាងត្បូង​។ ដោយ​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២ របស់​ពួកគាត់ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​រីឯ​ករណី​ជាសះស្បើយ​អ្នកជំងឺ​ទាំង ១០​នាក់ គឺ ៨​នាក់ ជា​ពលករ​ខ្មែរ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ និង​ជា​អ្នកដំណើរ​មកពី​ក្រៅ​ចំនួន ២​នាក់​។ អ្នក​ទាំង​១០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៤៦៣​នាក់ ក្នុងនោះ​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​ចំនួន ៤៣៨​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន ២៥​នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close