គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចការសាងសង់ជាង ១៧,៥%ហើយ បើគិតត្រឹមចុងខែមករានេះ
ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងរដ្ឋមន្ត្រីក្រសួងជំនាញពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។
ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។
សូមបញ្ជាក់ជូនថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ នេះ។
យោងតាមរបាយការណ៍ដែលទទួលបានពីអង្គភាពទទួលការងារសាងសង់ទាំងអស់បានឲ្យដឹងថា៖ វឌ្ឍនភាពនៃការសាងសង់គិតត្រឹមសប្ដាហ៍ទី៤ ខែមករា ឆ្នាំ២០២១ ការងារសម្រេចបានជាង១៧,៥% ហើយ បច្ចុប្បន្នអង្គភាពសាងសង់ទាំងអស់កំពុងខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ដើម្បីបញ្ចប់គម្រោងរបស់ខ្លួនតាមផែនការដែលបានកំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។