ខេត្តពោធិ៍សាត់នឹងបង្កើតស្រុកមួយថ្មីទៀត នៅឆ្នាំ២០១៩
ខេត្តពោធិ៍សាត់នឹងមានស្រុកថ្មីមួយបន្ថែមទៀត ដែលបំបែកចេញពីស្រុកបាកាន នៅឆ្នាំ២០១៩ខាងមុខ។ នេះបើតាមការប្រកាសរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំតាលោ ជិត៣ពាន់នាក់ កាលពីពេលថ្មីៗនេះ។
លោក ម៉ៅ ធនិន បានឲ្យដឹងថា ការបង្កើតស្រុកថ្មីនេះ ត្រូវបានសុំការឯកភាព ពីសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃសម្ពោធអគាររដ្ឋបាល ថ្មីសាលាខេត្តពោធិ៍សាត់ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
ទន្ទឹមនេះ សម្តេចក៏បានឯកភាពយល់ព្រមតាមការស្នើសុំ ឲ្យបង្កើតស្រុកថ្មីមួយ ដែលប្រជាពលរដ្ឋបានសម្រេចឲ្យប្រើឈ្មោះថា “ស្រុកសំសាន្ត” ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែជិត កាន់តែលឿន មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។