កំពង់ផែទេសចរណ៍ក្រុងខេមរៈភូមិន្ទ នឹងជួយបង្កើនទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ ក្នុងតំបន់ និងទៅកាន់ក្រៅប្រទេស
ខេត្តកោះកុង៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ឯកឧត្ដម ឡេង ធនយុទ្ធា និង ឯកឧត្ដម អៀង វេងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួង និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យដល់ទីតាំងគម្រោងសាងសង់កំពង់ផែទេសចរណ៍ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដោយមានការសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។
ការចុះត្រួតពិនិត្យនេះគឺស្ថិតក្នុងគោលបំណង ដើម្បីពិភាក្សាសិក្សាស្វែងយល់បន្ថែម អំពីសក្តានុពលនៃទីតាំងសម្រាប់សាងសង់កំពង់ផែទេសចរណ៍ផង និងសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ផងដែរ។
គួរបញ្ជាក់ផងដែរថា គណៈប្រតិភូ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ និងស្និទស្នាល នឹងបានពិនិត្យឃើញនូវសក្តានុពល ផលប្រយោជន៍នៃកំពង់ផែនេះសម្រាប់ខេត្តកោះកុង ជាពិសេសនឹងក្លាយជាចលកសម្រាប់ជម្រុញកំណើននៃវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងការងារដឹកជញ្ជូនគ្រប់ប្រភេទរបស់ខេត្តអោយកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ជាមួយបណ្តាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា និងប្រទេសជិតខាងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។