សម្តេច ហ៊ុន សែន ៖ ដល់ពេលដែលធនាគារ ត្រូវផ្ដល់កម្ចីកាប្រាក់ទាប ដល់និស្សិតហើយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២២ មិថុនា នេះ បានថ្លែងថា ដល់ពេលដែល ធនាគារ ត្រូវផ្ដល់ប្រាក់កម្ចី កាប្រាក់ទាប ដល់និស្សិតទូទៅហើយ ។
សម្ដេច ហ៊ុន សែន បានថ្លែងថា ម្សិលមិញសម្ដេចបានអំពាវនាវ ដល់មីក្រូហិរញ្ញវត្ថុ ឲ្យផ្ដល់កម្ចីដែលមានកាប្រាក់ទាបដល់និស្សិត រៀនជំនាញទេសចរណ៍ ។ ឥឡូវនេះដល់ពេលហើយ ដែលធនាគារនានា ត្រូវផ្ដល់ប្រាក់កម្ចីសិក្សាដែលមានអត្រាកាប្រាក់ ទាបដល់និស្សិតទូទៅ ។
ជាមួយគ្នាសម្ដេចក៍បានលើកឡើងផងដែរថា សាលាគួរតែផ្ដល់លទ្ធភាព ដល់និស្សិតដែលជួបការលំបាកបានសិក្សាបន្ត នៅពេលពួកគេបង់ថ្លៃសិក្សាឆ្នាំទី១ឬឆ្នាំទី២រួចហើយ តែឆ្នាំបន្ទាប់ពួកគាត់គ្មានប្រាក់បង់ថ្លៃសាលា និងជួបបញ្ហា ផ្សេងៗក្នុងគ្រួសារ ។ គួរតែអនុញ្ញាតឲ្យពួកគេជំពាក់ នឹងត្រូវសងនៅពេលមានការងារធ្វើ។
ក្នុងនោះ ក៍បានផ្ដល់អនុសាសន៍ផងដែរ ដល់បណ្ដាគ្រិះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ឲ្យពិចារណាក្នុងការផ្ដល់ឱកាស ដល់យុវជន ដែលជាកូនអ្នកក្រីក្រ ជួបការលំបាក។ដោយសម្ដេចបានលើកឡើងថា គ្នារៀនសុខៗ ស្រាប់តែឪពុក ឬម្ដាយស្លាប់ គ្មានប្រាក់បង់ថ្លៃសិក្សាបន្ត , ដូច្នេះត្រូវតែរកវិធី ដើម្បីជួយពួកគាត់ ដើម្បីឲ្យបានរៀនបន្តទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។