នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ លើក​ទី​ពីរ​

​សិង្ហ​បុរី​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ាន​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ហើយ​នាយករដ្ឋមន្ត្រី លី​សៀង​ឡុង គឺជា​អ្នក​នាំមុខ​ក្នុង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ។ នៅពេលនេះ លោក​បានចាប់ផ្តើម​ចាក់​ដូ​ស​ទី​ពីរ​ហើយ​។​

​សារព័ត៌មាន CNA នៅ​ថ្ងៃ ទី​២៩ ខែមករា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា លោក Lee បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 សម្រាប់​ដូ​ស​ទី ២ នៅឯ​មន្ទីរពេទ្យ​សិង្ហ​បុរី​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​លោក​បានទទួល​ការចាក់​វ៉ាក់សាំង​នេះ សម្រាប់​ដូ​ស​ដំបូង​កាលពី​ថ្ងៃទី​០៨ ខែមករា​កន្លងទៅ​។ លោក Lee បាន​សរសេរ​សារ​បង្ហោះ​នៅលើ គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា «​វា​ដូចគ្នា​ទៅនឹង​ការចាក់​វ៉ាក់សាំង​នេះ ជា​លើកដំបូង​របស់ខ្ញុំ​ដែរ ដែល​វា​មាន​ភាព​រហ័ស និង​គ្មាន​ភាពឈឺចាប់​អី្វ​ទាំងអស់​»​។​

​លោក Lee បាន​បន្ថែមទៀតថា ប្រទេស​សិង្ហ​បុរី​កំពុង​បង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់ខ្លួន និង​កំពុងបើក​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បន្ថែមទៀត ដោយ​លោក​បាន​សង្កត់ធ្ងន់ថា «​ចូរ​ទៅ​ចាក់​វ៉ាក់សាំង នៅពេលដែល​វា​ដល់​វេន​របស់​អ្នក​។ វា​នឹងមិន​ត្រឹមតែ​ការពារ​អ្នក​ទេ ប៉ុន្តែ​ថែមទាំង​ការពារ​គ្រួសារ មិត្តភក្តិ និង​មនុស្ស​គ្រប់គ្នា ដែល​អ្នកមាន​ទំនាក់ទំនង​ជាមួយ​»​។​

​គួរ​បញ្ជាក់ថា បើតាម​ក្រសួងសុខាភិបាល​សិង្ហ​បុរី គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ មនុស្ស​ជាង ១១៣,០០០​នាក់​នៅ​ទូទាំងប្រទេស បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 សម្រាប់​ដូ​ស​ដំបូង​របស់​ពួកគេ​រួចហើយ ខណៈ​មនុស្ស​ជាង ៥០​នាក់​ទៀត​ក៏បាន​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​សម្រាប់​ដូ​ស​ទី ២ ផងដែរ​។ រហូតមកទល់​ពេលនេះ ប្រទេស​សិង្ហ​បុរី​បាន​កត់ត្រា​នូវ​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស ៥៩,៤២៥​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ២៩​នាក់ និង​អ្នកជា​សះស្បើយ ៥៩,១៤៨​នាក់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close