កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកថ្មីកឿងទើរកណ្ដាលជលសា ស្អាតដូចនាងក្រមុំអ្នកខេត្តក្រចេះ
ខេត្តក្រចេះ៖ ជិះកាណូតធ្វើដំណើរតាមទន្លេមេគង្គប្រមាណតែ ២០នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ជាក់ជាមិនខាន់ ខណៈកោះដ៏ទាក់ទាញមួយនេះត្រូវបានគេល្បីតៗគ្នាថា «មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារីយ៍» យ៉ាងដូច្នេះឯង។
កោះព្រហ្មចារីយ៍ ជាផលិតផលទេសចរណ៍ដ៏សំខាន់មួយរបស់ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។ ជិះទូកសម្លឹងទន្ទឹងមើលភក្ត្រ បំណងជឿជាក់ថាបានជួបថ្លៃ ល្បីឈ្មោះយូរហើយកោះព្រហ្មចារីយ៍ មកដល់ផ្ទះថ្លៃស្អាតដូចគេថា។ ក្រមុំស្រុកក្រៅមិនស្មើអូនទេ ទេសចរលង់ស្នេហ៍ឆោមកែវកនិដ្ឋា គ្រប់លក្ខណ៍ប្រពៃសមនឹងចរិយា គាប់ដួងនេត្រាសឹងគ្មានចន្លោះ។
ម្លប់ឈើប្រក់បាំងត្រជាក់គង្គា ហាត់ហែលហូរហៀប៉ប្រះមាត់កោះ ឆ្នេរខ្សាច់ធម្មជាតិសន្ធឹងសក្បុស រចនាសម្រស់ក្រោមមេឃខៀវខ្ចី។ កោះនេះខេមរាច្នៃជាទេសចរណ៍ ផ្សព្វផ្សាយខ្ទារខ្ទ័រដល់ជាតិដទៃ សម្បូរសម្បត្តិធនធានលើដី ជាប់នាមកើតថ្មីអេកូទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។