មីយ៉ាន់ម៉ា ដាក់ប្រទេសក្នុងគ្រាមានអាសន្ន រយៈពេលមួយឆ្នាំ ក្រោយចាប់ខ្លួនលោកស្រី ស៊ូជី
ប្រទេសមីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះ ប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពីលោកស្រី អោង សាន ស៊ូជី ត្រូវបានចាប់ ឃុំខ្លួននៅក្នុងផ្ទះ ដោយយោធា ដែលគេមើលឃើញថាទង្វើបែបនេះគឺជា «រដ្ឋប្រហារ» ។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន យោធាមីយ៉ាន់ម៉ាក៏ប្រកាសដែរថា អនុប្រធា នាធិបតី U Myint Swe ដែលត្រូវបានជ្រើសតាំងដោយយោធា នឹងឡើងកាន់តំណែងជា ប្រធានាធិបតីបណ្ដោះអាសន្ន ។
ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ ធ្វើឡើងក្រោយអ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD បានឱ្យដឹងនៅព្រឹក ថ្ងៃចន្ទនេះថា ទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូជី និងលោកប្រធានាធិបតី Win Myint ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃគណបក្ស NLD ត្រូវបានយោធាចាប់ និងឃុំខ្លួន ។
បច្ចុប្បន្នយោធាមីយ៉ាន់ម៉ា កំពុងគ្រប់គ្រងស្ថានការណ៍ ហើយកងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ក្នុងរដ្ឋធានីណៃពិដោរ និងទីក្រុង យ៉ាងហ្គន។ ចំណែកឯបណ្ដាញទូរស័ព្ទ, អ៉ិនធើណិត, និងប្រព័ន្ធទំនាក់ទំនងនានា នៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗក៏ត្រូវបានកាត់ផ្ដាច់ផងដែរ ខណៈប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋមីយ៉ាន់ម៉ា អះអាងថា វាបណ្ដាលមកពីបញ្ហាបច្ចេកទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។