សហគមន៍​អន្តរជាតិ​អំពាវនាវ​ដល់​យោធា​មី​យ៉ាន​ម៉ា​ដោះលែង​មេដឹកនាំ​

សហគមន៍​អន្តរជាតិ ក្នុងនោះ​មាន​អាមេរិក អូស្ត្រាលី និង​បណ្តា​ប្រទេស​តំបន់​អឺរ៉ុប ដ្កោ​ល​ទោស​យ៉ាងខ្លាំង​ដល់​ការធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា​។ ទន្ទឹមនឹងនោះ​ក៏បាន​អំពាវនាវ​ដល់​យោធា​ដោះលែង មន្ត្រីជាន់ខ្ពស់​ក្នុងប្រទេស​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​Antony Blinken បាន​ឲ្យ​ដឹងថា អាមេរិក​បង្ហាញ​ពី​ក្តីបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការចាប់ខ្លួន​លោកស្រី អង់​សាន់​ស៊ូ​ជី​និង​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​ក្នុងនោះ​មាន​ប្រធានាធិបតី​ផងដែរ​។ លោក​បាន​អំពាវនាវ​ឲ្យ​ដោះលែង​មន្ត្រី​រដ្ឋា​ភី​បាល​មី​យ៉ាន​ម៉ា​ទាំងអស់ ។​

​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Marise Payne ក៏បាន​ស្នើ​ដល់​យោធា​មី​យ៉ាន​ម៉ា​ដោះលែង ថ្នាក់ដឹកនាំ និង​គោរព​ទៅតាម​ច្បាប់ ហើយ​ដោះស្រាយ​វិវាទ​ដោយ​សន្តិភាព​។ ជាមួយគ្នានេះដែរ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​Antonio Guterres បាន​ថ្កោលទោស​ដល់​សកម្មភាព ចាប់​ថ្នាក់ដឹកនាំ​របស់​មី​យ៉ាន​ម៉ា ។​

​នៅពេលនេះ អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន​ម៉ា លោក Min Aung Hlaing បាន​ឡើងកាន់​តំណាច​ដឹកនាំ ប្រទេស ក្រោយ​ពេលធ្វើ​រដ្ឋប្រហារ ហើយ​ប្រធានាធិបតី ត្រូវបាន​ចាប់ខ្លួន ព្រមទាំង លោកស្រី​អង់​សាន​ស៊ូ​ជី និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត ។ ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ក្រោម​ច្បាប់អាជ្ញាសឹក ក្នុង​រយៈពេល​១​ឆ្នាំ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក្នុងប្រទេស​នេះ​ត្រូវ​បិទ​ទាំង​អស់ទាំង​បណ្តាញ​អ៊ិន​ធឺ​ណិ​ត លើកលែងតែ ទូរទស្សន៍ ក្រោម​ការគ្រប់គ្រង​រប​ស់​កម្លាំង​ទាហាន​មី​យ៉ាន​ម៉ា ។ អគ្គមេបញ្ជាការ Min Aung Hlaing ឡើងកាន់តំណែង​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​១​ឆ្នាំ នៃ​ច្បាប់អាជ្ញាសឹក​។​

​កម្លាំង​ទាហាន ជាច្រើន​បានដាក់​ពង្រាយ​ការពារ​នៅ​ទីក្រុង​ធំៗ​ក្នុងប្រទេស​នេះ​ពិសេស​ក្នុង​រដ្ឋធានី Naypyitaw ។ រដ្ឋប្រហារ​ខាងលើ​គឺពាក់ព័ន្ធ​និង​ការបោះឆ្នោត​មិនមាន​តម្លាភាព​។ កាលពី​សប្តាហ៍​កន្លងមក អ្នកនាំពាក្យ​កម្លាំង​ទាហាន មី​យ៉ាន​ម៉ា លោក​Zaw Min Tun បាន​បញ្ជាក់ថា អគ្គមេបញ្ជាការ ដែលជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត ក្នុងប្រទេស​នេះ បាន​លើកឡើងថា ការបោះឆ្នោត​មិនមាន​តម្លាភាព មិន​យុត្តិធម៌​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close