​សម្ដេច ហ៊ុន ​សែន ​សំណូមពរឲ្យ​បក្ស​នយោបាយ​ទាំងអស់កុំ​ប្រើ​ពាក្យ​អសុរោះ ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​

ភ្នុុំពេញ ៖ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ នឹង​ចាប់ផ្តើម​នៅ​ទូទាំងប្រទេស ពីថ្ងៃ​ទី ៧ ដល់​ថ្ងៃទី២៧​​​ខែកក្កដា ខាងមុខ ដោយមាន​គណបក្ស​នយោបាយ​​ចំនួន​២០ចូលរួម តែ​មិនមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។ យុទ្ធនា​ការ​​ឃោសនាបោះឆ្នោត​ឆ្នាំ២០១៨មាន​រយៈពេល២១ថ្ងៃ ដោយ​គណបក្សនយោបាយ​មួយ​ អាច​ហែរ​ក្បួន​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​រាជធានី ខេត្តនីមួយៗ បានតែ៤ដង​ប៉ុណ្ណោះ។ បើតាម​ការ​ឲ្យ​ដឹង​ពី គជប នៅ​ថ្ងៃទី ៧ ខែកក្កដា ខាងមុខ គជប នឹង​ចាប់ផ្តើម​ចាក់ផ្សាយ​កិច្ចពិភាក្សា​តុមូល​របស់​គណបក្សនយោបាយនីមួយៗរយៈពេល២នាទី នៅ​លើ​​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា។

ទន្ទឹមនឹងនោះ កាលពីម្សិលមិញ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​​អំពាវ​នាវ​​ឲ្យ​​គណបក្ស​នយោបាយ​​ទាំង​អស់ ​កុំ​​ឲ្យ​​ប្រើប្រាស់​​ពាក្យ​ពេចន៍​​អសុរោះ ​នៅ​ក្នុង​​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​។ លោក​នាយក​រដ្ឋ​មន្ត្រីបានថ្លែងថា “ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​គ្រប់​គណបក្សនយោបាយ​និង​បេក្ខជន​ទាំងអស់ គោរព​គ្នា​ទៅ​វិញ​ទៅ​ម​ក​ កុំ​ប្រើ​ពាក្យ​អសុរោះ ​ជេរ​បញ្ចោរ ​ហើយ​​ត្រូវគោរព​សីល​ធ​ម៍ និង​សេចក្តីថ្លៃថ្នូរ”។ លោកបានបន្តទៀតថា “សូម​ឃោសនា​តែ​អំពី​គណបក្ស​របស់ខ្លួន គឺ​មិនត្រូវ​បណ្តុះ​បង្អាប់ ​គណបក្ស​​ ឬ ​បេក្ខជន ​នៃ​​គណបក្ស​​ដទៃ​​ឡើយ​”។

តែ​យ៉ាងណាក៏ដោយ​អ្នកតាមដាន​នយោបាយ​នៅ​កម្ពុជា លោក ឯម សុវណ្ណ​រា បាន​កត់​សំគាល់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​អាណត្តិ​ទី៦នេះ នឹងមិន​ជាទី​ចាប់អារម្មណ៍​ដូច​​អាណត្តិមុនៗនោះទេ ដ្បិត​គ្មាន​គ្មាន​គណបក្សប្រឆាំង​ធំជាងគេ​ចូលរួម។ ទោះយ៉ាងណាក៏ដោយ លោក ឯម សុវណ្ណ​រា បាន​គាំទ្រ​ចំពោះ​កា​រ​អំពាវ​នាវ​​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជាតិ​នៅ​ពេល​​ខាងមុខ ប្រព្រឹត្ត​ទៅដោយ​រលូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close