អាជ្ញាធរខេត្ត​ព្រះសីហនុ ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់ នៃ​ក្តី​ស្រឡាញ់ Valentines Bike Race 14​កុ​ម្ភះ​

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ Valentine’s Bike Race ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែកុម្ភ​: ឆ្នាំ​២០២១​។

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តំបន់ឆ្នេរ ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នៅតាម​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ ដើម្បី​បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​សណ្តាប់ធ្នាប់ អនាម័យ​ថ្មី​របស់​ក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ ខេត្ត​ព្រះសីហនុ ដែលមាន​វិញ្ញាសា​កីឡា​ជិះ​កង់​៖
១. ប្រណាំង​កង់​ភ្នំ ៤០​គីឡូម៉ែត្រ ពី​ឆ្នេរ​អូរ​ឈើទាល ទៅ​ឆ្នេរ​រាម រួច​ត្រឡប់មក​ឆ្នេរ​អូរ​ឈើទាល​វិញ ។
២. Fun Ride ជិះ​កង់ក​ម្យា​ន្ត ឆ្នេរសមុទ្រ​ថ្មី ២៥​គីឡូម៉ែត្រ ពី​ឆ្នេរ​អូរ​ឈើទាល ទៅ​ឆ្នេរ​អូរត្រេះ រួច​ត្រឡប់មក​ឆ្នេរ​អូរ​ឈើទាល​វិញ ។
៣. Famlly Couple Ride ជិះ​កង់​ក្រុមគ្រួសារ និង​គូរ​សេ្ន​ហ៏ ១៥​គីឡូម៉ែត្រ តាមផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​ឆ្នេរសមុទ្រ ។

​ឯកឧត្តម​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​សម្តែង​ការរីករាយ​ស្វាគមន៍​ចំពោះ​ក្រសួងទេសចរណ៍​ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ Valentin’s Bike Race នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ ស្រប​ពេលដែល​រដ្ឋបាល​ខេត្ត​ចង់​បង្កើត​ព្រឹត្តិការណ៍​ស្ទូចត្រី​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។ ម្យ៉ាងទៀត​ការរៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ជា​លើកទីមួយ​នៅ​ខេត្ត​ព្រះសីហនុ និង​ឈានទៅ​បង្កើត​ព្រឹត្តិការណ៍​ថ្មីៗ​ថែមទៀត ដើម្បី​ផ្សព្វផ្សាយ​សក្តានុភាព​ទេសចរណ៍​តំបន់ឆ្នេរ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​ក​ម្យា​ន្ត​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​បន្ថែមទៀត ។

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ក្រសួងទេសចរណ៍​បង្កើត​ព្រឹត្តិការណ៍​ចលនា​ទេសចរណ៍​ក្នុងស្រុក ហើយ​យើង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើងវិញ​នៅតាម​ខេត្ត​គោលដៅ​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ មកដល់ពេលនេះ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភ​: ជិត ១០០​នាក់ មកពី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ដែលមាន​ចំងាយ​ផ្លូវ ៤០​គីឡូ ២៥​គីឡូ និង​១៥​គីឡូម៉ែត្រ ក្នុងនោះ​កីឡាករ​ជិះ​កង់ ៤០​គីឡូម៉ែត្រ ស្វែងរក​កំរិត​បច្ចេកទេស ។ ជិះ ២៥​គីឡូ ជិះ​កំសាន្ត ដើម្បី​សុខភាព បង្កើន​សាមគ្គីភាព មិត្តភាព​និង​បង្ហាញ​ឆន្ទៈ​នៃ​ការចូលរួម​កីឡា ។ និង​ជិះ ១៥​គីឡូម៉ែត្រ កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​គូស្នេហ៍ យើង​សង្ឃឹមថា មាន​កីឡាករ​ចូលរួម ពី​៣០០ ទៅ ៥០០​នាក់ ។​

​ក្នុងឱកាស​នោះ​ឯកឧត្ដម វ៉ា​ត់ ចំរើន ក៏បាន​សំណូមពរ​រដ្ឋបាលខេត្ត​រក​ទីតាំង​ឱ្យ​ក្រុម​កីឡាករ​បោះតង់​ស្នាក់នៅ​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ ទន្ទឹម​នោះ​សុំ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច និង​រថយន្ត​សង្គ្រោះ​ដើម្បី​ត្រៀម​បង្ការ​ក្រែង​មាន​ឧបទ្ទវហេតុ​កើតឡើង​ណាមួយ ។ ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ អ្នកវិនិយោគ ក្រោយពី​បញ្ចប់​កូ​វីដ​-១៩ ក្រសួង​នឹង​បង្កើត​ព្រឹត្តិការណ៍​នៅ​ខេត្ត​ព្រះសីហនុ ឱ្យ​កាន់តែច្រើន​បន្ថែមទៀត មានដូចជា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ជាដើម​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close