ជលផល​កំពង់ធំ ចុះ​ពិនិត្យ​តាមដាន​វឌ្ឍនៈភាព​ការចិញ្ចឹម​ត្រី របស់​កសិករ​នៅ​ស្រុក​សន្ទុក

​ខេត្តកំពង់ធំ​៖ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ លោក ហម ហ៊ុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ និង​សហការី បាន​ចុះ​ពិនិត្យ​តាមដាន វឌ្ឍនៈភាព កសិដ្ឋាន​ចិញ្ចឹម​ត្រី​សាច់​របស់លោក ប៊ុត សុវណ្ណ ស្ថិតនៅ​ក្នុងភូមិ​បញ្ញា​ជី ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក​។

​បច្ចុប្បន្ន​កសិដ្ឋាន​លោក ប៊ុត សុវណ្ណ មាន​ស្រះ​ចំនួន​១៣​ស្រះ លើ​ផ្ទៃដី​៥​ហិកតា និង​ត្រៀម​ពង្រីក​ដោយ​ជីក​ស្រះ​បន្ថែម​លើ​ផ្ទៃដី​២​ហិកតា​បន្ថែមទៀត ។ ឥលូវ​នេះ​ក្នុង​កសិដ្ឋាន​របស់លោក​មាន​ត្រី​បី​ប្រភេទ​គឺ​
១,​ត្រី​ប្រា​ចំនួន ៧​ម៉ឺន​កូន អាច​ប្រមូល​ផល​ក្នុង​ខែ​មិនា និង​ខែកញ្ញា​ទិន្នផល​ប៉ាន់ប្រមាណ​សរុប ៤០​តោន​
២,​ត្រី​ពោ​ចំនួន​៣​ម៉ឺន​កូន​អាច​ប្រមូល​ផល​ក្នុង​ខែកញ្ញា ទិន្នផល​ប៉ាន់ប្រមាណ​សរុប​១៥​តោន​
៣,​ត្រី​ឆ្ដោ​ចំនួន ៣​ម៉ឺន​កូន​អាច​ប្រមូល​ផល​ក្នុង​ខែ​មិនា ទិន្នផល​ប៉ាន់ប្រមាណ​សរុប​២០​តោន ។​

​ក្នុង​ឆ្នាំ​២០២០​កន្លងមកនេះ កសិដ្ឋាន​របស់លោក​អាច​ផលិត​ត្រី​សាច់​បាន​ចំនួន​សរុប ៩០ តោន​មាន​ប្រភេទ​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង​និង​ត្រី​ឆ្ដោ ។​ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​ប្រមុខ​ថ្នាក់ដឹកនាំ ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​ផលិតផល​ក្នុងស្រុក ដោយបាន​ផ្អាក​ការនាំ​ចូល​នូវ​ប្រភេទ​ត្រី​មួយចំនួនទៀត​នោះ លោក​ក៏បាន​រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ​២០២១-​ឆ្នាំ​២០២២​ខាងមុខនេះ ដោយ​លោក​នឹង​ពង្រីក​ការផលិត​ត្រី​សាច់មាន​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្ដោ​យ៉ាងហោចណាស់​អោយបាន​២០០​តោន​/​ឆ្នាំ ដើម្បី​ផ្គត់​ផ្គង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close