សម្ដេច ហ៊ុន សែន សរសើរប្រទេសជប៉ុន ស្របពេលក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្កោះជាតិធ្វើបាតុកម្ម
ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធកំពង់ផែក្រុងព្រះសីហនុ ដែលជាកម្ចីរបស់ជប៉ុនតម្លៃប្រមាណ៧៤លានដុល្លារអាមេរិក លោកប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងលើកសរសើរប្រទេសជប៉ុនមិនដាច់ពីមាត់ដោយសារតែប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ បានផ្តល់ជំនួយច្រើនជាងគេដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍ដោយមិនសូវបានភ្ជាប់នឹងលក្ខខណ្ឌនយោបាយ។ ការកោតសរសើរប្រទេសជប៉ុននៅពេលនេះ គឺស្របពេលដែលក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំងបន្តធ្វើបាតុកម្មស្នើឲ្យជប៉ុនដកខ្លួនថយពីការបោះឆ្នោតនៅកម្ពុជា។
សម្ដេចបានបញ្ជាក់បន្ថែមទៀតថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានប្រើប្រាស់ហិរញ្ញប្បទានឬប្រាក់កម្ចីរបស់ជប៉ុនអស់ជាង៣០០លានដុល្លារអាមេរិកហើយ សម្រាប់អភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ តាំងពីក្រោយឆ្នាំ១៩៩៨មក។ លើសពីនេះទៀត លោក ហ៊ុន សែន ក៏បានជូនពរឲ្យកីឡាករជប៉ុនអាចឆ្លងចូលទៅវគ្គ១៦ក្រុមនៅ World Cup ក្នុងប្រទេសរុស្ស៊ី ដោយចាត់ទុកថា ប្រសិនជាជប៉ុនឈ្នះនោះ គឺជាមោទនភាពរបស់អាស៊ីទាំងមូល មិនមែនជាមោទនភាពតែជប៉ុនម្នាក់ឯងប៉ុណ្ណោះទេ។
គួកត់សំគាល់ថា ការដែលលោកប្រមុខរដ្ឋាភិបាលខ្មែរសរសើរជប៉ុនមិនដាច់ពីមាត់នៅពេលនេះ គឺស្របពេលក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្កោះជាតិ បានធ្វើបាតុកម្មចំនួន៥លើកមកហើយ រាប់ទាំងនៅលើទឹកដីជប៉ុនផ្ទាល់ ដោយសុំឲ្យប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយនេះផ្តាច់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា។ លើសពីនោះពួកគេក៏ស្នើដល់សហគមន៍ជាតិកុំទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាថ្ងៃ២៩កក្កដា ដែលគ្មានវត្តមានអតីតបក្សប្រឆាំងធំមួយនេះចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។