យោធា​មី​យ៉ាន់​ម៉ា ប្រកាស​តែងតាំង​មន្ត្រី ១១​រូប ក្នុង​រដ្ឋបាល​ថ្មី បន្ទាប់ពី​ដកតំណែង​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី ២៤​រូប

​មី​យ៉ាន់​ម៉ា​៖ យោធា​មី​យ៉ាន់​ម៉ា​បានប្រកាស​លុបចោល​នូវ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី តាមរយៈ​ការដក​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី​ចំនួន​២៤​រូប ដោយ​តែងតាំង​ជំនួស​មកវិញ​នូវ​មន្ត្រី​ចំនួន​១១​រូប​ក្នុង​រដ្ឋបាល​ថ្មី​របស់ខ្លួន បន្ទាប់ពី​ការធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​។​

​ការប្រកាស​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​នៅលើ​កញ្ចក់​ទូរទស្សន៍​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​របប​យោធា Myawadday ដែល​ក្នុងនោះ​ក៏​រួមមាន​ទាំង​ការតែងតាំង​ថ្មី​នូវ​ថ្នាក់ដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន កិច្ចការបរទេស ការពារជាតិ ព្រំដែន និង​មហាផ្ទៃ​ជាដើម ។​

​សូមជម្រាបថា លោកស្រី អ៊ុង សាន ស៊ូ​ជី រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប នៃ​រដ្ឋាភិបាល​របស់លោក​ស្រី ត្រូវបាន​យោធា​មី​យ៉ាន់​ម៉ា​ចាប់ឃុំខ្លួន​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ។

​បច្ចុប្បន្ន​យោធា​មី​យ៉ាន់​ម៉ា​កំពុង​គ្រប់គ្រង​ស្ថានការណ៍ ហើយ​កងទ័ព​ជាច្រើន​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​ណៃ​ពិដោរ និង​ទីក្រុង​យ៉ាង​ហ្គ​ន​។ ចំណែកឯ​បណ្ដាញទូរស័ព្ទ អ៊ី​ន​ធើ​ណិ​ត និង​ប្រព័ន្ធ​ទំនាក់ទំនង​នានា​នៅក្នុង​រដ្ឋធានី ក៏ដូចជា​នៅតាម​ទីក្រុង​ធំៗ​ក៏​ត្រូវបាន​កាត់ផ្ដាច់​ផងដែរ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា​អះអាងថា វា​បណ្ដាលមកពី​បញ្ហា​បច្ចេកទេស​៕
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close