អាជ្ញាធរ គ្រោង​ស្ថាបនា​ផ្លូវ ២​ខ្សែទៀត ចាប់ពី​រង្វង់​មូល​សម្តេច​សង្ឃរាជ​ទេព​វង្ស ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ស៊ឹង គង់ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​លេខ ១៤៦B និង​ផ្លូវ​លេខ​១៤៨ ចាប់ពី​រង្វង់​មូល​សម្តេច​សង្ឃរាជ​ទេព​វង្ស ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី អភិបាលរង​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាជ្ញាធរ​ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ។

​តាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន​បញ្ជាក់ថា តាម​គម្រោង​ស្ថាបនា​ផ្លូវ​លេខ ១៤៦B និង​ផ្លូវ​លេខ​១៤៨ ចេញពី​អក្ស​ផ្លូវ ២០​ម៉ែត្រ ដោយសារតែ​ការដ្ឋាន​មួយចំនួន មាន​ផលប៉ះពាល់ នៅ​ទីប្រជុំជន​យើង​យក​ពី​អក្ស​ផ្លូវ​ពី ៧,៥០​ម៉ែត្រ ១១​ម៉ែត្រ និង ១៥​ម៉ែត្រ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នៃ​ការស្ថាបនា​ផ្លូវ​លេខ​១៤៦B និង​ផ្លូវ​លេខ​១៤៨ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ឱ្យ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវត្រូវ​ចុះ​បាញ់ថ្នាំ​តាម​និយាម​ការ បញ្ចៀស​ផលប៉ះពាល់​ដី​កម្ម​សិទ្ធ​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​ពង្រឹង​ការស្ថាបនា​ផ្លូវ​ឱ្យបាន​លឿន​ស្របតាម​ស្តង់ដា​បច្ចេកទេស ដោយ​ស្មារតី​ទទួលខុសត្រូវ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close