ប្រ​ធានា​ធិបតី​អាមេរិក ចូ​បៃ​ឌិន​ព្រមាន​ដាក់ទណ្ឌកម្ម​មី​យ៉ាន​ម៉ា​ក្រោយ​ការធ្វើ​រដ្ឋប្រហារ​

​ប្រធានាធិបតី​អាមេរិក ចូ​បៃ​ឌិន​បាន​អំពាវនាវ​ដល់ កម្លាំង​ទាហាន​មី​យ៉ាន​ម៉ា ដោះលែង​អ្នកនយោបាយ​ក្នុងប្រទេស​នេះ​ជាបន្ទាន់ ។ ទន្ទឹមនឹងនោះ លោក​បៃ​ឌិន​បាន​ព្រមាន​ថា នឹងដាក់​ទណ្ឌកម្ម​ដឹកជញ្ជូន​ដល់​ប្រទេស​នេះ ដែល​បាន​ចាប់ខ្លួន​លោកស្រី​អង់​សាន​ស៊ូ​ជី ។​

​នៅពេល​នេះដែរ ធនាគារពិភពលោក​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ (​ពេលវេលា​នៅ​អាមេរិក​) បាន​លើកឡើងថា ខ្លួន​មានការ​ព្រួយបារម្ភ​ជាខ្លាំង​អំពី​ស្ថានការណ៍​បច្ចុប្បន្ន នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​ការឡើង​គ្រប់គ្រង​អំណាច​ដោយ​យោធា ហើយ​វា​កំពុង​បង្ក​ការគំរាមកំហែង​យ៉ាង​ធំ​មួយ ចំពោះ​ការអភិវឌ្ឍ​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ធនាគារពិភពលោក បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រជាជន​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនោះ​រួមមាន​ទាំង​បុគ្គលិក និង​ដៃគូ​របស់​យើង​ផងដែរ ហើយ​យើង​ក៏​បារម្ភ​អំពី​ការ​កាត់ផ្តាច់ ប្រព័ន្ធ​ទាក់ទង​ទាំង​នៅក្នុង​មី​យ៉ាន់​ម៉ា​ផ្ទាល់ និង​ជាមួយ​ពិភពលោក​ខាងក្រៅ​ផងដែរ​»​។​

​ធនាគារពិភពលោក​បាន​សង្កត់ធ្ងន់ថា ខ្លួន​គឺជា​ដៃគូ​ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​គាំទ្រ​ការធ្វើ​អន្តរកាល​របស់​មី​យ៉ាន់​ម៉ា ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ សម្រាប់​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ និង​ក្នុង​កិច្ចប្រឹងប្រែង​របស់​មី​យ៉ាន់​ម៉ា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពប្រសើរឡើង​នៃ​ការធ្វើ​បរិ​យា​ប័ន្ន​សង្គម​។ ធនាគារពិភពលោក​បាន​បញ្ជាក់ថា ខ្លួន​នៅតែ​ប្តេជ្ញា​ចំពោះ​គោលដៅ​ទាំងនេះ​ដដែល​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ យោធា​មី​យ៉ាន់​ម៉ា​បាន​ចាប់ឃុំខ្លួន​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អោ​ង​សាន ស៊ូ​ជី ហើយ​អំណាច​ទាំងអស់​ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅ លោក​អគ្គមេបញ្ជាការ​យោធា មីន អោ​ង ហ្លេ​ង (Min Aung Hlaing) ជាមួយ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល ០១​ឆ្នាំ​។ យោធា​មី​យ៉ាន់​ម៉ា​បាន​អះអាងថា ការធ្វើ​បែបនេះ​គឺ​ឆ្លើយតប​ចំពោះ​អ្វីដែល​ខ្លួន​ចាត់ទុកថា ជាការ​បោះឆ្នោត​គ្មាន​តម្លាភាព​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close