ពលរដ្ឋរិះគន់អាជ្ញាធរស្រុកស្អាង រឿងយកដីក្បែរទន្លេ​ចាក់សំរាមបំពុលបរិស្ថាន

កណ្តាល៖ ប្រជាពលរដ្ឋរស់​នៅ​ក្នុង​ស្រុកស្អាងបាននិយាយថា ដីឆ្នេរទន្លេបាសាក់ស្ថិត​នៅខាងក្រោយផ្សារស្អាងខាងត្បូង ក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង បច្ចុប្បន្ន​នេះ​បាន​ក្លាយទៅជាទីលានចាក់សំរាមរបស់អាជីវករហើយ មិនតែប៉ុណ្ណោះ នៅពេលដែលគំនរសំរាមចេះតែគរច្រើនទៅៗ គឺគេ​បានយកភ្លើងដុតបណ្តាលអោយមានផ្សែងបំពុលបរិស្ថានធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរទៀតផង។

ប្រជាពលរដ្ឋនិយាយថា ដីឆ្នេរទន្លេគួរ​ណា​តែ​រៀបចំធ្វើការ​អភិវឌ្ឍន៍ ដោយ​មិន​គួរ​បណ្តោយ​ឲ្យ​មាន​ការ​ដាក់សំរាម​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់បរិស្ថាន​នោះទេ។

តែបើ​តាម​ការ​បង្ហើបរបស់​ប្រជាពលរដ្ឋខ្លះ​ទៀតថា ដីឆ្នេរទន្លេបាសាក់នោះ គឺជាដីកំពង់ផែផ្តាច់មុខរបស់លោក នៃ ចារី អភិបាលរងខេត្តកណ្តាល ហើយ​កន្លងមកលោក នៃ ចារី បានចាត់អោយកូនចៅធ្វើរបងហ៊ុព័ទ្ធដីនេះដោយបង្គោលថ្មនិងលួសសំណាញ់ តែក៏ត្រូវប្រជាពលរដ្ឋលួចបំផ្លិចបំផ្លាញអស់ទៅវិញ ។

យ៉ាងណាក៏ដោយ ចំពោះរឿងដីនេះ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា ដីឆ្នេរទន្លេនៅចំណុចខាងក្រោយផ្សារស្អាងខាងត្បូងនោះ មិនមែនជាដីរបស់បុគ្គលណានោះទេ គឺជាដីរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនមានប្លង់ជាដីកំពង់ផែដែលក្រសួងទុកអភិវឌ្ឍធ្វើកំពង់ផែសម្រាប់បងប្អូនអាជីវករខ្មែរយើងសាងផ្លាស់ប្តូរទំនិញ។

ចំណែកអភិបាលស្រុកស្អាង លោក ញឹម វណ្ណឌិន មិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទរបស់លោកទាក់ទងមិនចូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close