នយោបាយ​ការបរទេស​វ៉ាក់សាំង ចិន​បង្កើន​ការ​ផ្តា​ល់​ជំនួយ​ដល់​បណ្តា​ប្រទេស​បន្ថែមទៀត​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុងតែ​ប្រ​ប្រើប្រាស់​នយោបាយ​ការបរទេស​វ៉ាក់សាំង ដើម្បី​បង្កើន​ទំនាក់ទំនង កាន់តែ​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក ពិសេស​គឺ​ប្រទេស​កំពុង​អភិ​វ​ឌ្ឈ​ន៍​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ បានប្រកាសថា ប្រទេស​ចិន នឹង​បន្ត​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដល់​ប្រទេស​ដទៃទៀត ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែលជា​កិច្ច​ចូលរួមចំណែក​ក្នុង​ការកសាង​សហគមន៍​សុខភាព សម្រាប់​មនុស្ស​គ្រប់រូប​នា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក វ៉ាង វិ​ន​ពី​ន (Wang Wenbin) បានធ្វើការ​កត់សម្គាល់​នៅក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ​បន្ទាប់ពី​បានប្រកាសថា ប្រទេស​ចិន បានផ្តល់​វ៉ាក់សាំង COVID-19 ដល់​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដែល​វា​ជាការ​ដឹកជញ្ជូន​ជំនួយ​វ៉ាក់សាំង​លើកដំបូង​របស់​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ដទៃទៀត​។ ក្រៅពី​ប្រទេស​ប៉ា​គី​ស្ថាន ប្រទេស​ចិន ក៏​កំពុង​ផ្តល់ជំនួយ​វ៉ាក់សាំង​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ចំនួន ១៣​ទៀតផង​ដែរ រួមមាន​ប្រទេស​ប្រ៊ុយណេ​, នេ​ប៉ាល់​, ហ្វីលីពីន​, មី​យ៉ាន់​ម៉ា​, កម្ពុជា​, ឡាវ​, ស្រីលង្កា​, ម៉ុង​ហ្គោ​លី​, ប៉ា​ឡេ​ស្ទី​ន​, បេឡា​រុស្ស​, សៀ​រ៉ា ឡេ​អូន​, ហ្សី​ម​បា​វេ​, និង​ហ្គី​ណេ អេក្វាទ័រ ខណៈ​មាន​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន ៣៨​ផ្សេងទៀត កំពុង​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ទទួល​ជំនួយ​វ៉ាក់សាំង​របស់​ប្រទេស​ចិន នៅ​ដំណាក់កាល​ក្រោយៗ​ទៀត​។​

​លោក Wang បានធ្វើការ​កត់សម្គាល់​បន្ថែមថា ប្រទេស​ចិន បាន​គាំទ្រ​ដល់​ក្រុមហ៊ុន​ផលិត​ឱសថ​របស់ខ្លួន ក្នុងការ​ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង​រួមគ្នា​ជាមួយ​ដៃគូ​បរទេស និង​បាន​នាំចេញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ជាតិ ស៊ី​ណូ​ផាម (Sinopharm) និង​ស៊ី​ណូ​វ៉ូ​ក់ (Sinovac) ទៅកាន់​បណ្ដា​ប្រទេស​មួយចំនួន រួមមាន​ប្រទេស​អារ៉ាប់​រួម​, ម៉ា​រ៉ុ​ក​, ឥណ្ឌូណេស៊ី​, តួ​ក​គី​, ប្រេ​ស៊ី​ល​, និង​ឈី​លី​។ ក្រៅពីនេះ ប្រទេស​ចិន ក៏បាន​គាំទ្រ​ដល់​ក្រុមហ៊ុន​ពាក់ព័ន្ធ​ក្នុង​ការនាំចេញ​វ៉ាក់សាំង​ទៅកាន់​បណ្ដា​ប្រទេស ដែលមាន​តម្រូវការ​បន្ទាន់ ឬ​បណ្ដា​ប្រទេស​ដែល​បានទទួល​ស្គាល់​វ៉ាក់សាំង​ចិន និង​បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ចិន​នៅក្នុង​ប្រទេស​របស់​ពួកគេ​ជា​លក្ខណៈ​បន្ទាន់​ផងដែរ​។​

​គួរ​បញ្ជាក់ថា បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ខាងលើ ប្រទេស​ចិន រំពឹងថា សហគមន៍​អន្តរជាតិ នឹង​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​លើកកម្ពស់​ការ​ចែកចាយ និង​ការប្រើប្រាស់​វ៉ាក់សាំង​ប្រកបដោយ​សមធម៌ និង​ធានាបាន​នូវ​ភាព​ដែល​អាច​រកបាន​ក្នុងតម្លៃ​សមរម្យ​នៃ​វ៉ាក់សាំង​នៅក្នុង​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close