កម្មវិធី​ទេសចរណ៍​បោះតង់ កំពុង​ពេញនិយម​សម្រាប់​ទេសចរ

​ខេត្តសៀមរាប​៖ សម្រាប់​ទេសចរណ៍​បោះតង់ ភ្ញៀវ​ទេសចរណ៍​បានជ្រើសរើស​ទីតាំង​ដែល​សក្តិសម និង​មាន​អំណោយផល ដែល​ទីតាំង​ទាំងនោះ​ជា​តំបន់​អេកូ​ទេសចរណ៍ មានដូចជា តំបន់ភ្នំ ទឹកធ្លាក់ ទឹកស្ទឹង ជារួម​គឺ​នៅ​ព្រៃភ្នំ ហើយ​មាន​ប្រភពទឹក​ប្រើប្រាស់ បន្ទប់​អនាម័យ មាន​សុវត្ថិភាព និង​ទេសភាព​ស្អាតៗ​។​

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប មានប្រសាសន៍ថា យុវជន​ក៏​ដូច​អ្នក​ទេសចរណ៍ ជា​លក្ខណៈ​គ្រួសារ​ក្តី ជា​ក្រុម​ក្តី មុននឹង​សម្រេចចិត្ត​សម្រាកលំហែរ​ដោយ​ការបោះ​តង់ គួរ​គប្បី​ជ្រើសរើស​ពេលវេលា និង​គោលដៅ​ដែលមាន​អាកាសធាតុ​ត្រជាក់​ល្មម ជាពិសេស​យក​រដូវ​កាល​មិន​ក្តៅ​ពេក​មិន​ត្រជាក់​ពេក ជា​រដូវរំហើយ​ដែល​មិនមាន​ភ្លៀង​ធ្លាក់​ជោកជាំ ហើយ​អាកាសធាតុ​ត្រជាក់​ស្រួល ទើប​បង្កើតបានជា​បរិ​យា​កាស​មនោ​រម្យ​សម្រាប់​ក្រុមគ្រួសារ​បងប្អូន មិត្ត​ភ័​ក្រ​ទាំងអស់គ្នា បន្ថែម​ពីនេះ​ក៏ត្រូវ​ពិនិត្យមើល​ស្ថានភាព​ភូមិសាស្ត្រ អំពី​សន្តិសុខ សុវត្ថិភាព ត្រូវដាក់​តាម​ខ្លួន​នូវ​ថ្នាំសង្កូវ​ផ្សេងៗ ដើម្បី​បង្ការ​សត្វ​អ​សិរ​ពិស​ទិច​ឬ​ខាំ​។ លោក បន្តថា ការបោះ​តង់ ក៏​ជា​ចំណែក​មួយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ឱ្យ​រកចំណូលបាន​ផងដែរ តាមរយ​:​ការបរិភោគ​អាហារ និង​ភេសជ្ជៈ​ជាដើម​។​

​លោក ធឿន វុ​ឌ្ឍី ប្រធាន​ក្រុមហ៊ុន មរតក អៅ​ដរ ខេត្តសៀមរាប ដែល​ធ្លាប់​ទទួល​បំរើសេវា​បោះតង់​តាម​រមណីយដ្ឋាន​នានា បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​០១ ខែ​កម្ភៈ​ឆ្នាំ​២០២១​នេះ ថា សារៈសំខាន់​នៃ​ទេសចរណ៍​បោះតង់ គឺជា​ការ​ផ្សងព្រេង រៀន​ប្រឈម​នឹង​ឧ​ប​ស័គ្គ​ឬ​បញ្ហា ដែល​ជួបប្រទះ ព្រមទាំង​រៀន​អត់ធ្មត់ ប្រឹងប្រែង​ជម្នះ​នូវ​ឧ​ប​ស័គ្គ និង​បញ្ហា​ទាំងនោះ ប្រកបដោយ ភាព​អំណត់ និង​ក្តី​ព្យាយាម​។ លើសពីនេះទៅទៀត វា​ការបង្រៀន​និង​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ជីវិត របស់​បុគ្គល​ម្នាក់ៗ គឺ​តែង​ជួបប្រទះ​នូវ​ការ​ប្រឈម​នឹង​ឧ​ប​ស័គ្គ​តិច​ឬ​ច្រើន ព្រមទាំង​ភាពសប្បាយ​រីករាយ ដែលជា​រឿង​ធម្មតា​របស់​ជីវិត​។ ​លោក​បន្តថា ការបោះ​តង់​មាន​ក្រុម​តិច​ច្រើន​ទៅតាម​ការនិយម​។

​តាម​បទពិសោធ​របស់​ក្រុមហ៊ុន មរតក​អៅ​ដរ ជា​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​មួយ ដែល​ទើប​បង្កើត និង​មាន​មូលដ្ឋាន​ក្នុង ក្រុង​សៀមរាប បាន​បញ្ជាក់ថា ក្រុមហ៊ុន​នេះ​ធ្លាប់​រៀបចំ​បោះតង់​ជូន​អតិថិជន​ជាង ៥០០​នាក់ ក្នុង​ពាក់កណ្តាល​ឆ្នាំ​២០២០ ពោលគឺ​សម័យកាល​វិបត្តិ​ខូ​វីដ​-១៩ ដោយ​អតិថិជន​ទាំងនេះ ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ​ធម្មតា ជា​គ្រួសារ​ផងដែរ​។ កម្មវិធី​របស់​ក្រុមហ៊ុន​នេះ មានភ្ជាប់​កម្មវិធី​ដើរ​ព្រៃ ជិះ​កង់ និង​បោះតង់​ជា​កញ្ចប់​តែមួយ​។

​ទេសចរណ៍​បោះតង់​ពិត​ជាមាន​សារៈសំខាន់​មួយ ប្រសិនបើ​ការបោះ​តង់​នោះ មាន​សេវា​រៀបចំ​ត្រឹមត្រូវ​ដោយមាន​អ្នកជំនាញ​ក្នុង​ការរៀបចំ​កម្មវិធី​មួយ​នេះ​។ ចង់បាន​ប្រសិទ្ធភាព និង​ផល​ច្រើន​ពី​ការបោះ​តង់ អ្នក​ទេសចរណ៍​ទាំងឡាយ គួរ​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​ធម្មជាតិ​ឱ្យបាន​ច្រើន ដោយ​ប្រើប្រាស់​វិញ្ញាណ​ទាំង ៦ របស់​យើង ភ្ជាប់​ជាមួយ​ធម្មជាតិ សម្រាក​ពី​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​បច្ចេកវិទ្យា​ផ្សេងៗ​ជាដើម ដែល​ធ្វើឱ្យ​យើង​រវល់ ធ្វើឱ្យ​យើង​ញៀន រហូត​ក្លាយ​ជាការ​តប់ប្រមល់ ជំងឺស្ត្រេស​ជាដើម​៕

​ប្រភពពី​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close