ឯកឧត្តម ហ៊ុន ម៉ាណែត “ការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម”
ទស្សនៈ៖ សន្តិភាព គឺពិតជាកើតមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់អង្គភាព ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈសំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។ ហើយវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការ កែទម្រង់របស់ខ្លួន ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យល្អប្រសើរ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ត្រូវខិតខំពង្រឹងសមត្ថភាពឱ្យបានជាប់ជាប្រចាំ ដោយត្រូវផ្តោតលើគុណភាព នៃបរិមាណ និងការផ្ទេរបទពិសោធន៍ ដើម្បីឱ្យឆ្លើយតបចំពោះសេចក្តីត្រូវការ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់ខ្លួន ដោយធានាបាននូវនិរន្តរ៍ភាព នៃសមត្ថភាព ក្នុងការបំពេញភារកិច្ចនាពេលចំពោះមុខ និងរយៈពេលវែង គឺការការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងជាពិសេសការបំពេញភារកិច្ចស្នូលរបស់អង្គភាព ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិ។
ជាពិសេស ត្រូវគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំអប់រំហ្វឹកហ្វឺនរៀនសូត្រ ប្រកបដោយការតស៊ូអត់ធ្មត់ព្យាយាម រហូតក្លាយទៅជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិយើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។