កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ម្នាក់ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៤​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ម្នាក់ ដែល​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​គុយ​វ៉ែត​ចូល​កម្ពុជា ខណៈ​អ្នកជំងឺ​០៤​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​នេះ គឺជា​បុរស​ជនជាតិខ្មែរ អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ធ្វើដំណើរ​មកពី​ប្រទេស​គុយ​វ៉ែត បន្ត​ជើងហោះហើ​យ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន​។​

​រីឯ​ករណី​ជាសះស្បើយ​ចំនួន ៤​នាក់ ដែលជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ដែល​ពួកគាត់​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​លើក និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៤៦៧​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៥១​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ចំនួន ១៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close