សត្វ​ត្រយង​ចង្កំ​.​ក​.​ស ៥​សំបុក ត្រូវបាន​រកឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់

​ខេត្តរតនៈគិរី​៖ កាលពី​ខែមករា មន្ត្រី​ជំនាញ​បរិស្ថាន បាន​រកឃើញ សត្វ​ត្រយង​ចង្កំ​.​ក​.​ស ៥​សំបុក កាលពី​ខែមករា​កន្លងទៅ នៅក្នុង​ដែនជម្រកសត្វព្រៃ លំផាត់​ខេត្តរតនៈគិរី ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​ប្រទេស​កម្ពុជា​។​

​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​អង្គការ​ជីវិត​ស្វត​ស្លាប​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ឱ្យដឹងថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តាម​ការ​ជំរឿន ទូទាំងប្រទេស​ឃើញថា សត្វ​ត្រយង​ចង្កំ​.​ក​.​ស មានការ​ធ្លាក់ចុះ ដោយឡែក​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ក៏មាន​ការធ្លាក់ចុះ ផងដែរ​។

​លោក​បាន​បញ្ជាក់ថា ក្រោម​កិច្ចសហការ​រវាង​មន្ត្រី​ជំនាញ​អង្គការ​ជីវិត​សត្វ​ស្លាប សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បានធ្វើការ អង្កេត​តាមដាន​រកឃើញ​សំបុក​សត្វ​ត្រយង​ចង្កំ​.​ក​.​ស ៥​សំបុក ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ខេត្តរតនៈគិរី ដែល​នេះ​ជាស​ញ្ញា បញ្ជាក់​ពី​វត្តមាន​សត្វ​ស្លាប​ដ៏​កម្រ​របស់​កម្ពុ​ជាមាន​ឡើងវិញ​។​

​លោក​បញ្ជាក់ថា «​មកដល់ពេលនេះ​យើង​ទើបតែ​បញ្ចប់​ខែ​១ យើង​បាន​រកឃើញ​សំបុក​ចំនួន ៥ សំបុក​ក្នុងនោះ​១ សំបុក​បាន​បរាជ័យ តាម​ការអង្កេត​របស់​ពួកយើង ការបរាជ័យ​របស់​ពួកវា​គឺ បណ្ដាលមកពី​សត្វ​ក្អែក​និង​ខ្លែង ចូល​ស៊ី មិនមែន​ដោយសារ​មនុស្ស​ទេ ប៉ុន្តែ​កាលពីមុន ក៏មាន​ការរំខាន​ដោយ​មនុស្ស​ដែរ មាន​អ្នក​ឡើង​យក​ពង​កូន​របស់​វា រំខាន​ដល់​មេ​វា មួយទៀត​គឺមាន​កាប់​ដើម​ដែលមាន​សំបុក​ពង​កូន​ឬក៏​កាប់​ក្បែរ​ហ្នឹង​ធ្វើឱ្យ​សំបុក​វា​បរាជ័យ​»​។​

​លោក​បន្ថែមថា ក្រោយពី​បាន​រកឃើញ មន្ត្រី​ជំនាញ​អង្គការ​ជីវិត​សត្វ​ស្លាប សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស តែងតែ​ចុះ អង្កេត​ជាប្រចាំ ១​សប្តាហ៍​ម្តង និង​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​សហគមន៍ កុំ​ឱ្យទៅ​រំខាន​ដល់​សត្វ​ត្រយង​ចង្កំ​.​ក​.​ស និង សត្វ ផ្សេងៗ​ទៀត​ដែល​កំពុង​ទទួលរង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ជាស​កល​។​

​លោកនាយក​កម្មវិធី​អង្គការ​ជីវិត​ស្វត​ស្លាប​ប្រចាំ​កម្ពុជា បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រី​ពាក់ព័ន្ធ ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ​របស់​យើង​ដែល​ជិត​ផុត​ពូជ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏ដូចជា​តំបន់​ការពារ និង អភិរក្ស​សត្វព្រៃ​ដទៃទៀត​ឱ្យបាន​គង់វង្ស ជាពិសេស សត្វ​ត្រយង​យក្ស ដែលជា​និមិត្តសញ្ញា​របស់​ជាតិ​យើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close