ឆ្នាំ​២០២០! សហគ្រាស​ជាង ១​ពាន់​៣០០ បិទ​លែង​ដំណើរការ ខណៈ​កម្មករ​បាត់បង់​ការងា​រ​ជាង ១០​ម៉ឺន​នាក់

​ភ្នំពេញ​៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​២០២០ មាន​សហគ្រាស​ចំនួន ១​ពាន់​៣៥៦ ទីតាំង​បាន​បិទ​លែង​ដំណើរការ ដែលមាន​កម្មករនិយោជិត​បាត់បង់​ការងារ​ចំនួន ១០​ម៉ឺន​៨​ពាន់​៨២៥ នាក់ ដោយសារតែ​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម អ៊ិត សំហេង បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួបប្រជុំ​ជាមួយ​លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៨) នៅ​វិមាន​រដ្ឋសភា នា​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើងថា បើតាម​ការវាយតម្លៃ​ផលប៉ះពាល់​លើ​វិស័យ​ការងារ​នៃ​កម្មករនិយោជិត​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ គឺ​ស្ថិតនៅក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន និង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​លំបាក​បំផុត​រួចមកហើយ​។​

​ជាក់ស្តែង ការព្យួរ​កិច្ចសន្យាការងារ​របស់​រោងចក្រ សហគ្រាស នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​បាន​ថយ​ពី​ចំណុចកំពូល​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២០ ដែល​នៅពេលនោះ​មាន​រោងចក្រ សហគ្រាស​រហូតដល់​ទៅ​ចំនួន ៤៣៣ ដែលមាន​កម្មករនិយោជិត​ចំនួន ១៥​ម៉ឺន​៣​ពាន់​៣៣៦ នាក់​បាននិងកំពុង​ព្យួរ​កិច្ចសន្យាការងារ ប៉ុន្តែ​បើ​គិត​មកដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០​នេះ មាន​រោងចក្រ សហគ្រាស​ត្រឹម​ចំនួន ១៥០ ដែល​ស្មើនឹង​កម្មករនិយោជិត​ចំនួន ២​ម៉ឺន​៣​ពាន់​៦៨២ នាក់​ប៉ុណ្ណោះ កំពុង​ព្យួរ​កិច្ចសន្យាការងារ​។​

​ឯកឧត្តម អ៊ិត សំហេង បាន​ថ្លែងថា «​ឆ្នាំ​២០២០ មាន​សហគ្រាស​ចំនួន ១​ពាន់​៣៥៦ បាន​បិទ​លែង​ដំណើរការ និង​កម្មករនិយោជិត​បាត់បង់​ការងារ​ចំនួន ១០​ម៉ឺន​៨​ពាន់​៨២៥ នាក់ ដែល​ចំនួន​នេះ គឺ​ច្រើនជាង​ឆ្នាំ​២០១៩ ក្នុង​រយៈពេល​ដូចគ្នា ដែលមាន​សហគ្រាស​ចំនួន ៩៦៩ និង​កម្មករនិយោជិត​បាត់បង់​ការងារ​ចំនួន ៨​ម៉ឺន​៥​ពាន់​៨៨៩ នាក់ ដែល​ភាគច្រើន គឺជា​ប្រភេទ​រោងចក្រ​សហគ្រាស ក្រៅពី​វិស័យ​កាត់ដេរ​»​។​

​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ក្នុង​រយៈពេល​ដូចគ្នានេះ ក៏មាន​រោងចក្រ សហគ្រាស​ចំនួន ១​ពាន់​១០៣ បាន​បើក​ថ្មី និង​បាន​បង្កើត​ការងារ​បន្ថែមចំនួន ៦​ម៉ឺន​១២៥៧ នាក់​ផងដែរ​។​ ​ជាមួយគ្នា​នោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ខិតខំ​ផ្តល់ព័ត៌មាន​ទីផ្សារការងា​រ​ដល់​អ្នកស្វែងរក​ការងារ​ប្រមាណ​ជាង ២.៣ លាន​នាក់ តាមរយៈ​វេទិកា​ការងារ សេវា​ទូរស័ព្ទ គេហទំព័រ​ការងារ បណ្តាញ​ទំនាក់ទំនង​សង្គម និង​មជ្ឈមណ្ឌល​ការងារ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close