ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំត្រៀមបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ ១៩
ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រជុំត្រៀមបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ទាំង២៩ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង១៦ ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ដោយសាររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានផ្ទះក្នុងសហគមន៍នៅប្រទេសជិតខាងរបស់យើង វាក៏អាចគំរាមកំហែងដល់ប្រទេសកម្ពុជាផងដែរ។ យើងមានពលកររាប់ម៉ឺននាក់ដែរធ្វើការនៅប្រទេសថៃ ហើយមានពលករមួយចំនួនបានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
ឯកឧត្តមអភិបាល បានបន្តថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រើប្រាស់កម្លាំងសរុប ក្នុងការគ្រប់គ្រងធ្វើចក្តាឡីស័ក នៅតាមព្រំដែន និងបានធ្វើការដឹកជញ្ជូនពលកររបស់យើងមកកាន់ក្រុង ស្រុកវិញប្រកបដោយជោគជ័យដោយមិនមានការឆ្លងចូលក្នុងសហគមន៍នោះទេ។
ឯកឧត្តម គួច ចំរើន បានណែនាំមេឃុំ ចៅសង្កាត់បង្កើនស្មារតីទទួលខុសត្រូវប្រមូលព័ត៌មានឱ្យបានជាប់ជាប្រចាំ ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងសហគមន៍ ។ ព្រមទាំងឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកធ្វើរបាយការណ៍ទីតាំងរបស់ខ្លួន ក្នុងការរៀបចំធ្វើរបង ដើម្បីការពារសុវត្ថិភាពមន្ត្រីរបស់យើងនៅតាមមណ្ឌលសុខភាពនីមួយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។