វ៉ាក់សាំង​ជំនួយ​របស់​ចិន ៦០​ម៉ឺន​ដូ​ស នឹង​មកដល់​កម្ពុជា ជា​ដំណាក់កាល​ដំបូង នៅ​ថ្ងៃទី​៧ កុម្ភៈ

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​គេហទំព័រ​ផ្ទាល់​របស់​សម្តេច​ផ្ទាល់ បញ្ជាក់ថា វ៉ាក់សាំង ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាមរយៈ​ក្រសួងការពារជាតិ​ចិន​មកកាន់​ក្រសួងការពារជាតិ​កម្ពុ​ជា​នឹង​ដឹក​មកដល់​កម្ពុជា​ចំនួន​៦០​ម៉ឺន​ដូ​ស​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​៧​កុម្ភៈ​២០២១​ដែលជា​ដំណាក់កាល​ដំបូង​នៃ​ជំនួយ​ចំនួន​១​លាន​ដូ​ស​។​

​សម្តេច បញ្ជាក់ទៀតថា ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ដំណើរ​ការចាក់​វ៉ាក់សាំង​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដែល​ខ្លួន​ខ្ញុំ​នឹង​ទទួល​មុនគេ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត លើកលែងតែ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​គាត់​បាន​ចាក់​វ៉ាក់សាំង​នេះ​រួចហើយ​។​ ​ការចាក់​វ៉ាក់សាំង​នេះ​នឹងមាន​ការផ្សាយ​ផ្ទាល់​និង​បន្ទាប់ពី​ចាក់​រួច​ខ្ញុំ​នឹងធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​តែម្តង​។​

​សូម​ជំរាបជូន​បន្ថែមថា ថ្ងៃនេះ​ជា​ខួប​មួយឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន (៥ កុម្ភៈ ២០២០ -៥​កុម្ភៈ ២០២១) ដែលជា​ទស្សនកិច្ច​មាន​អត្ថន័យ​ដ៍​ជ្រាលជ្រៅ​នៃ​ចំណង​​មិត្តភាព សាមគ្គីភាព​ក្នុងដំណាក់កាល​ដែល​ប្រទេស​ចិន​កំពុង​ផ្ទុះឡើង​នៃ​ជម្ងឺ​កូ​រ៉ូ​ណា ដែល​ក្រោយនេះ​ហៅថា​កូ​វីដ​១៩ ដែល​ពេលនោះ​សម្តេច បាន​ប្រើពាក្យ​ថា (​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​​លំបាក​)​។​

​សម្តេច សូម​អរគុណ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ភីង ឯកឧត្តម​នាយករដ្ឋមន្ត្រី លី កឺ​ឈាង និង​ថ្នាក់ដឹកនាំ​ចិន​ផ្សេងទៀត​ដែល​បានទទួល​រូបខ្ញុំ​និង​គណប្រតិភូ ជាពិសេស​បាន​ជួយ​ដល់​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​រាប់ទាំង​នៅ​ទីក្រុង​វូ​ហាន​ផង​អោយ​ជៀស​ផុតពី​ជម្ងឺឆ្លង​និង​ទទួលបាន​នូវ​ការសិក្សា​ប្រកបដោយ​សុវត្ថិភាព​នៅក្នុង​ប្រទេស​ចិន​ជា​មិត្ត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close