ឆ្នាំ២០២០! ករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះ ៩៤២លើក ស្មើនឹង២៣% ធៀបនឹងឆ្នាំមុន
ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា នៅឆ្នាំ២០២០ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៩៤២លើក ស្មើនឹង ២៣% ធៀបនឹងឆ្នាំ២០១៩ ក្នុងនោះ ចំនួនអ្នកស្លាប់បានថយចុះចំនួន ៣៣៥នាក់ ស្មើនឹង១៧% និងចំនួនអ្នករបួសបានថយចុះចំនួន ១.៤៥៥នាក់ ស្មើនឹង ២៤% គ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងមិនគោរពច្បាប់ចរាចរណ៍។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីបំពេញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរក្សាសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាពិសេសស្ថាប័នពាក់ព័ន្ធ បណ្ដាញសារព័ត៌មាន អង្គការជាតិ អន្តរជាតិ វិស័យឯកជន រោងចក្រសហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សម្តេចក្រឡាហោម ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍នានាជាយថាហេតុ បណ្ដាលឱ្យបាត់បង់មនុស្សជាទីស្រឡាញ់ ពិការភាព ខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលនយោបាយកាត់បន្ថយភាពក្រីក្រឱ្យកាន់តែមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។