ប៉េអឹមខេត្តសៀមរាប ឈ្លោះគ្នាជាមួយអ្នកកាសែត ដកកាំភ្លើងបាញ់មួយគ្រាប់ ផ្អើលហាងមហាលាភទាំងយប់
សៀមរាប ៖ កាលពីវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចហាងផឹកស៊ី យីហោ មហាលាភ៩៩៩៩ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្រោយពីមន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់បានដកកាំភ្លើងបាញ់មួយគ្រាប់ ព្រោះតែខឹងអ្នកផឹកស៊ីជាមួយយកកែវស្រាគប់ខ្លួន។
តាមរបាយការណ៍សមត្ថកិច្ចថា មន្រ្តីកងរាជអាវុធហត្ថនោះមានឈ្មោះ អ៊ុក សុផល ភេទប្រុស អាយុ ៤៣ឆ្នាំ ដែលភាគីម្ខាងទៀតដែលយកកែវគប់មន្រ្តីកងរាជអាវុធហត្ថនោះមានឈ្មោះ តាំង ហូ ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរ ជាអ្នកសារព័ត៌មាន។
របាយការណ៍ថា ក្នុងខណៈកំពុងស៊ីផឹក ឈ្មោះ តាំង ហូ បានធ្វើសកម្មភាពដោយយកកែវស្រាគប់ ត្រូវក្បាល របស់ឈ្មោះ អ៊ុក សុផល បណ្តាលឲ្យត្រូវថ្ងាសលើចិញ្ចើមផ្នែកខាងឆ្វេងរយះហូរឈាមពេញមុខ បន្ទាប់មកឈ្មោះ តាំង ហូ បានរត់ចេញទៅខាងក្រៅហាងបាត់ ហើយពេលឈ្មោះ អ៊ុក សុផល ដឹងថាខ្លួនមានរបួសហូរឈាមពេញមុខ ក៏បានដើរចេញពីកញ្ចុះ សំដៅទៅរថយន្តរបស់ខ្លួន ហើយក៏បានទាញយកកាំភ្លើងខ្លី ពីក្នុងរថយន្តដើរចេញ ហើយបានបាញ់ឡើងលើចំនួន ០១គ្រាប់, បន្ទាប់មក បុគ្គលិក និងសន្តិសុខក្នុងហាងខាងលើបាននាំឈ្មោះ អ៊ុក សុផល ទៅព្យាបាលមុខរបួសនៅគ្លីនិកសុខភាព។
បើតាមការបំភ្លឺរបស់លោក តាំង ហូ នៅព្រឹកថ្ងៃទី៥ខែកុម្ភ: ឆ្នាំ២០២១ថា នៅយប់នោះ រូបគេនិងមិត្តភក្ត័ ៣ទៅ៤នាក់ ផឹកស៊ីក្នុងហាងខាងលើ រួមទាំងមន្ត្រីប៉េអឹមដែលផ្ទុះអាវុធផង។ លុះពេលស្រវឹង មន្ត្រីប៉េអឹមឈ្មោះ ផល បាននិយាយផ្លែផ្កាថា ពួកអ្នកកាសែតដើរតែសុំលុយគេ។ ខណ:នោះរូបគេ តាំង ហូ ក៏បានតបទៅវិញថា កុំដៀលអ្នកកាសែតទាំងអស់ ហើយក៏ផ្ទុះជម្លោះតែម្តង។
លោក តាំង ហូ បន្តថា ក្នុងពេលផ្ទុះជម្លោះ ក៏ផ្ទុះហិង្សា ប្រតាយប្រតប់គ្នា ដោយឈ្មោះផល ដកកាំភ្លើងបាញ់ ទើបរូបខ្លួនរត់ចេញក្រៅហាង គេចខ្លួនតែម្តង ហើយចំពោះការចោទប្រកាន់ថា រូបខ្លួនយកកែវស្រា គប់ក្បាលឈ្មោះផលនោះ គឺមិនបានដឹងឡើយ ប៉ុន្តែករណីនេះ ខ្លួនក៏បានទៅដាក់ពាក្យបណ្តឹង នៅខាងប៉ូលិសទាំងយប់ផងដែរ។
យ៉ាងណាក៏ដោយ ចំពោះករណីនេះ សមត្ថកិច្ចបានចាត់ចូលក្នុងករណីហិង្សាដោយចេតនា ហើយពេលនេះកម្លាំងការិយាល័យជំនាញកំពុងសាកសួរ សាក្សី និងជនរងគ្រោះ ដើម្បីអនុវត្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។