ចាប់ខ្លួន​ចិន ២​នាក់ ដកហូត​គ្រឿងញៀន​ជិត ១០​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១០​គីឡូក្រាម​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​បូរី​ប៉េង​ហូត​(​បឹង​ស្នោ​) នៅតាម​លើផ្លូវ​ជាតិ​លេខ​១ និង​បន្តទៅ​ឈាន​ឆែកឆេរ​ផ្ទះ​លេខ​៣៥ ផ្លូវ​P០៤ ក្នុង​បូរី​ប៉េង​ហួត​(​បឹង​ស្នោ​) សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ ទី​១-​ឈ្មោះ JIA ZHIYANG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន (​មេក្លោង​ធ្លាប់​ជាប់គុក​១​ឆ្នាំ ទើប​ចេញពី​គុក​បាន​៣​ខែ ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​)​។ និង​ទី​២-​ឈ្មោះ ZHANG LEILIN ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន​។ ចំណែក​វត្ថ​តាង​ដកហូត​បាន​៖ គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE)​សរុប ៩ គ​.​ក្រ ៧៨៣,៧៣​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close